ប្រទេសចិន កំពុងរឹតត្បិតលើការនាំចេញសារធាតុរ៉ែសំខាន់ៗទៅកាន់សហរដ្ឋអាមេរិក ខណៈខ្លួនព្យាយាមរក្សាសម្ពាធលើសេតវិមាន ស្របពេលកិច្ចពិភាក្សាពាណិជ្ជកម្មក្នុងសប្តាហ៍នេះ។

ទោះបីជាលោក Donald Trump បានធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំងដើម្បីបន្តការនាំចូលរ៉ែកម្រកាលពីខែមុនក៏ដោយ តួលេខថ្មីបង្ហាញថាប្រទេសចិនបានស្តារពាណិជ្ជកម្មឡើងវិញក្នុងល្បឿនយឺតជាងជាមួយអឺរ៉ុប និងអាស៊ីផ្សេងទៀត។
ប្រទេសចិនបាននាំចេញមេដែកកម្រចំនួន៣.១៨៨តោនទូទាំងពិភពលោកក្នុងខែមិថុនា ដែលតំណាងឱ្យការកើនឡើង១៥៨ ភាគរយពីខែឧសភា។ ក្នុងចំណោមនោះ ៣៥៣ តោនបាននាំចេញទៅអាមេរិក ដែលមានការកើនឡើងជិត ៧ ដង ធៀបនឹងខែមុនដែលមានចំនួន ៤៦ តោន។
ប៉ុន្តែការនាំចេញប្រចាំខែជាមធ្យមទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះគឺ ៦២២តោន ដែលបង្ហាញថាពាណិជ្ជកម្មគឺស្ទើរតែត្រលប់ទៅពាក់កណ្តាលនៃកម្រិតធម្មតា។
ប្រទេសចិនគ្រប់គ្រងការផលិត និងដំណើរការនៃរ៉ែកម្រ ហើយគ្រប់គ្រងការផ្គត់ផ្គង់ស្ទើរតែទាំងអស់របស់ពិភពលោកនៃមេដែកកម្រ ដែលប្រើក្នុងការផលិតអាវុធយោធា ការផលិតថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនីជាដើម៕

