ភ្លៀងធ្លាក់កាន់តែខ្លាំងក្លាបានវាយប្រហារភាគខាងត្បូងកោះតៃវ៉ាន់ សម្រាប់ថ្ងៃទីពីរនាថ្ងៃអង្គារ (២៩ កក្កដា) នេះ ដោយបង្ខំឱ្យមនុស្សប្រហែល ៣.០០០នាក់ ត្រូវជម្លៀសចេញទៅកាន់ទីសុវត្ថិភាព ហើយអាជីវកម្ម និងសាលារៀនត្រូវបិទទ្វារ ខណៈអាជ្ញាធរបានព្រមានពីភ្លៀងធ្លាក់ខ្លាំងក្លារហូតដល់ ៩០សង់ទីម៉ែត្រ (ឬ ៣៥,៤អ៊ីញ) នៅប៉ុន្មានថ្ងៃខាងមុខ។

ទឹកជំនន់ ដែលបង្កឡើងដោយសម្ពាធទឹកខ្លាំង បានជន់លិចផ្លូវថ្នល់ និងអគារនៅក្នុងទីក្រុង និងភូមិជាច្រើន ទូទាំងភាគខាងត្បូងកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា មនុស្ស ៩នាក់ បានរងរបួស និង ៨៨នាក់ ត្រូវបានជួយសង្គ្រោះពីអគារដែលលិចទឹក និងតាមរថយន្ត រហូតមកដល់ពេលនេះ។
រដ្ឋបាលអាកាសធាតុ បានព្យាករថានឹងមានភ្លៀងធ្លាក់រហូតដល់ ០,៩ម៉ែត្រ នៅតំបន់ភ្នំភាគខាងត្បូងក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយព្រមានថាភ្លៀង "ខ្លាំងក្លាបំផុត" អាចបង្កឱ្យមានទឹកជំនន់យ៉ាងគំហុក និងបំណាក់ដីបន្ថែមទៀត។
កោះតៃវ៉ាន់ មិនទាន់ងើបឡើងវិញស្រួលបួលផងពីព្យុះទីហ្វុង Danas ដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចមានប្រជាជនរស់នៅក្រាស់ក្រែលរបស់កោះជាមួយនឹងខ្យល់កន្រ្តាក់ ហើយបាននាំមកនូវការខូចខាតយ៉ាងទូលំទូលាយដល់បណ្តាញអគ្គិសនី និងផ្ទះសម្បែងមួយចំនួន៕

