WHO៖ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារថា វីរុស COVID-19 បម្លែងខ្លួនថ្មី Omicron កំពុងចម្លងពលរដ្ឋអឺរ៉ុបជាងពាក់កណ្តាល ប៉ុន្តែគេនៅមិនទាន់បានមើលឃើញថា វាដូចជាជំងឺផ្ដាសាយធំនោះទេ។ លោក Hans Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានថា សហភាពអឺរ៉ុបបានមើលឃើញករណីឆ្លងថ្មីជាង ៧លាននាក់ក្នុងសប្ដាហ៍ដំបូងនៃឆ្នាំ២០២២ ជាង ២ដងលើសរយៈពេល ២សប្ដាហ៍កន្លងទៅ។

លោក Kluge បាននិយាយដោយសំដៅដល់មជ្ឈមណ្ឌលស្រាវជ្រាវនៅសាកលវិទ្យា Washington ថា នៅអត្រានេះវិទ្យាស្ថាន Health Metrics and Evaluation បានព្យាករណ៍ថា ចំនួនប្រជាជនជាង ៥០% នៅក្នុងតំបន់នេះនឹងឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron ក្នុងរយៈពេលចន្លោះពី ៦ ទៅ ៨សប្ដាហ៍ទៀត។ នាយកប្រចាំតំបន់អឺរ៉ុបរូបនេះបានថ្លែងថា ប្រទេសចំនួន ៥០ ក្នុងចំណោមប្រទេស ៥៣ នៅអឺរ៉ុប និងអាស៊ីកណ្ដាលមានករណីឆ្លងវីរុសបម្លែងខ្លួនថ្មីនេះកាន់តែច្រើនឡើង។ ទោះយ៉ាងណាក៏ដោយភស្តុតាងកំពុងបង្ហាញថា វីរុសបម្លែងខ្លួនថ្មី Omicron កំពុងប៉ះពាល់ដល់ដំណើរផ្លូវដង្ហើមផ្នែកខាងលើខ្លាំងជាងសួត ដែលបណ្ដាលឲ្យមានរោគសញ្ញាស្រាលជាងពពួកវីរុសបម្លែងខ្លួនមុនៗ។ ប៉ុន្តែអង្គការសុខភាពពិភពលោកបានព្រមានថា ចាំបាច់ត្រូវមានការសិក្សាបន្ថែមទៀត ដើម្បីបញ្ជាក់ពីភស្តុតាងនេះឲ្យបានច្បាស់លាស់៕
អត្ថបទ៖ សុខមាន