ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី ( Abdel-Fattah al-Sisi) កាលពីថ្ងៃចន្ទ បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យ«ប្រឹងប្រែងទាំងអស់» ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា និងអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ ចូលទៅដល់ដែនដីប៉ាឡេ ស្ទីន។

លោក ស៊ីស៊ី បាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា៖«ខ្ញុំផ្ញើសារពិសេសនេះ ទៅកាន់លោកប្រធានាធិបតី ត្រាំថា៖ សូមប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបញ្ចប់សង្គ្រាមនេះ និងអនុញ្ញាតឲ្យជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា»។

លោកបាននិយាយថា៖«ខ្ញុំកំពុងនិយាយនៅថ្ងៃនេះ ដោយសារតែស្ថានភាពនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានក្លាយទៅជាសោកនាដកម្ម និងមិនអាចទ្រាំទ្របាន» ដោយអំពាវនាវឲ្យមានចំនួនទឹកប្រាក់ដ៏ធំបំផុតនៃជំនួយដែលត្រូវបានបញ្ជូនទៅតំបន់ហ្កាហ្សា ជាទីដែលលោកបាននិយាយថា ប្រជាជនត្រូវការរថយន្តជំនួយពី ៦០០គ្រឿង ទៅ ៧០០គ្រឿង ជារៀងរាល់ថ្ងៃ។
លោក ស៊ីស៊ី បានសង្កត់ធ្ងន់ថា អេហ្ស៊ីបមានបំណងចង់ចូលរួមជាវិជ្ជមាន ជាមួយអ្នកសម្រុះសម្រួលផ្សេងទៀត សហរដ្ឋអាមេរិក និងកាតា ដោយផ្តោតជាសំខាន់លើចំណុចសំខាន់ៗចំនួនបី គឺការបញ្ឈប់សង្រ្គាម ការផ្តល់ជំនួយ និងការដោះលែងចំណាប់ថ្នូរ។
អ៊ីស្រាអែល និងក្រុមហាម៉ាស បានធ្វើការចរចាដោយប្រយោលជាច្រើនសប្តាហ៍ នៅប្រទេសកាតា ដោយគ្មានដំណោះស្រាយ។ កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបានហៅក្រុមចរចារបស់ខ្លួន ត្រឡប់មកពីទីក្រុង ដូហានៃប្រទេសកាតាវិញ ដើម្បីពិគ្រោះយោបល់ បន្ទាប់ពីទទួលបានការឆ្លើយតបរបស់ក្រុមហាម៉ាសចំពោះសំណើបទឈប់បាញ់ថ្មីមួយ ដែលផ្តល់ដោយអ្នកសម្របសម្រួល។