បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen បាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរបណ្តោះអាសន្នស៊ីរី ត្រូវតែធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងមានវិន័យ។

លោកបានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖«អធិបតេយ្យភាពស៊ីរីនៅទីបំផុត ត្រូវតែកាន់កាប់ផ្តាច់មុខ លើការប្រើប្រាស់កម្លាំងស្របច្បាប់ និងដំណើរការក្រោមនីតិរដ្ឋ»។
លោក Pedersen បានសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍ដែលអាចជឿទុកចិត្តបានអំពីការរំលោភបំពាន និងការប្រមាថយ៉ាងទូលំទូលាយ នៅក្នុងខេត្ត Sweida រួមទាំងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងការសម្លាប់មនុស្សតាមអំពើចិត្ត ការចាប់ជំរិត ការបំផ្លាញទ្រព្យសម្បត្តិឯកជន និងការលួច សម្ភារៈនៅតាមផ្ទះ។ លោកបានកត់សម្គាល់ថា ក្នុងចំណោមជនល្មើសដែលត្រូវបានរាយការណ៍ គឺជាសមាជិកនៃកងកម្លាំងសន្តិសុខស៊ីរី និងបុគ្គលដែលមានទំនាក់ទំនងជាមួយនឹងអាជ្ញាធរបណ្តោះអាសន្ន។

លោកបាននិយាយថា៖«ការបង្កហេតុដោយក្រុមប្រកាន់និកាយ និងការប្រព្រឹត្តដោយបំពានជាពិសេស ក្នុងអំឡុងពេលប្រតិបត្តិការសន្តិសុខ គឺមិនអាចលើកលែងទោសបានទេ។ រដ្ឋមានកាតព្វកិច្ចច្បាស់លាស់ ក្នុងការធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងមានវិន័យ ទោះបីត្រូវរងការរិះគន់ដ៏ដោយ។ រដ្ឋនេះ ត្រូវតែគ្រប់គ្រងកងកម្លាំងរបស់ខ្លួន និងធានានូវការទទួលខុសត្រូវដែលអាចមើលឃើញ ដែលជាគន្លឹះក្នុងការកសាងទំនុកចិត្តឡើងវិញ ពង្រឹងសន្តិសុខ និងការលើកកម្ពស់ការរួបរួម»។
លោក Pedersen បាននិយាយថា ប្រជាជនស៊ីរី ត្រូវតែមានអារម្មណ៍ថា មានតែរដ្ឋនិងកងកម្លាំងរបស់ខ្លួន ប៉ុណ្ណោះ ដែលអាចការពារពួកគេបាន ស្របតាមគោលនយោបាយដែលបានបញ្ជាក់របស់ប្រធានាធិបតីបណ្តោះអាសន្ន ដោយបានបន្ថែមថា គម្លាតរវាងគោលនយោបាយនោះ និងការពិតជាក់ស្តែង ត្រូវតែបិទបញ្ចប់»។