នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Mustafa បាននិយាយថា អាជ្ញាធរជាតិប៉ាឡេស្ទីន នឹងមិនជំទាស់នឹងការដាក់ពង្រាយកងកម្លាំងក្នុងតំបន់ និងអន្តរជាតិ នៅក្នុងតំបន់ហ្កាហ្សា សម្រាប់តាមដានការអនុវត្តបទឈប់បាញ់ និងការរក្សាសន្តិសុខនោះទេ។

លោកបានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងសន្និសីទអន្តរជាតិកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីបញ្ហាប៉ាឡេស្ទីន ដោយទទូចថា ក្រុមហាម៉ាសត្រូវតែប្រគល់អាវុធរបស់ខ្លួន ទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន។

លោកបាននិយាយថា៖«ក្រុមហាម៉ាស ត្រូវតែបញ្ចប់ការគ្រប់គ្រងរបស់ខ្លួនលើតំបន់ហ្កាហ្សា និងប្រគល់ អាវុធរបស់ខ្លួន ទៅឲ្យអាជ្ញាធរជាតិប៉ាឡេស្ទីន។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីអំពាវនាវឲ្យមានការដាក់ពង្រាយកងកម្លាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងការសម្របសម្រួលជាមួយរដ្ឋប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃបេសកកម្មដែលត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីការពារប្រជាជនរបស់យើង តាមដានការអនុវត្តបទឈប់បាញ់ពីគ្រប់ភាគី និងធានាសន្តិសុខ»។
យោងតាមលោក Mustafa កងកម្លាំងទាំងនេះ នឹងមិនជំនួសកងកម្លាំងសន្តិសុខប៉ាឡេស្ទីនឡើយ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា គឺចាំបាច់ដើម្បីបង្រួបបង្រួមតំបន់ហ្កាហ្សាស្ទ្រីប ជាមួយតំបន់វេសបែង «ដោយគ្មានការកាន់កាប់ ការតាំងទីលំនៅ ការផ្លាស់ទីលំនៅដោយបង្ខំ ឬការដាក់ជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែល»។