ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការជាមួយគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់ “ការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន” និងដោយមានការគាំទ្រពីការិយាល័យច្បាប់សិដ្ឋាល័យ នៅព្រឹកថ្ងៃនេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងចំនួន៤ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ធុរកិច្ចសុចរិតគឺការពារអ្នកប្រើប្រាស់។
នៅក្នុងពិធីសិក្ខាសាលានាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានមានប្រសាសន៍ថា គោលបំណងនៃអង្គពិធីនេះ ដើម្បីប្រមែប្រមូលមតិយោបល់ពីគ្រប់ជ្រុងជ្រោយតាមដែលអាចធ្វើទៅបាន ដើម្បីកែលម្អនូវសេចក្តីព្រាងឯកសារសំខាន់ៗ ដែលនឹងត្រូវប្រើជាមធ្យោបាយសម្រាប់ណែនាំដល់ធុរកិច្ច អាជីវកម្ម ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរឡើង។ ជាពិសេស នឹងផ្តោតទៅលើការបង្កើតកម្មវិធីជាតិការពារអ្នកប្រើប្រាស់ (NCPP) ដ៏ពេញលេញមួយ។
ឯកឧត្តម បានបញ្ជាក់ថា ការបង្កើតឡើងនូវឯកសារគតិតយុត្ត និងការជំរុញឲ្យមានអនុវត្តច្បាប់ការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីការពារអ្នកប្រើប្រាស់។
នេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការបន្ទាន់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយទាំងក្នុងតំបន់ និងអន្តរជាតិផងដែរ។
ជាមួយគ្នានេះ លោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)ប្រចាំកម្ពុជា បានលើកឡើងថា សិក្ខាសាលានេះ ក៏នឹងចែករំលែកនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងធ្វើការប្រមូលនូវធាតុចូលពីបុគ្គល ស្ថាប័នពាក់ព័ន្ធ លើសេចក្តីព្រាងឯកសាររដ្ឋាភិបាលសម្រាប់ប្រធានបទចំនួន៤ ដូចជា៖ កម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់, គោលការណ៍ណែនាំស្តីពីគម្រោងលក់បែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត, ប្រកាសស្តីពីកិច្ចសន្យាមិនសុចរិត និងប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់។
សូមជម្រាបជូនថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអាស៊ានដំបូងគេ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ អាសិប(RCEP) ដែលទើបតែចូលជាធរមាននៅដើមខែមករា ឆ្នាំ២០២២។
តាមរយៈកិច្ចព្រមព្រៀងអាសិបនេះ កម្ពុជានឹងទទួលបាននូវផលប្រយោជន៍ច្រើន បូករួមទាំងឱកាសក្នុងការពង្រីវិស័យធុរកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកទៀតផង ប្រសិនបើកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាគោលការណ៍ប្រកួតប្រជែងដោយសុចរិតត្រូវបានអនុវត្តយ៉ាងសកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី




