នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានបន្តការពារប្រទេសរបស់លោក ខណៈដែលជម្លោះយោធា បានកើតឡើង នៅក្បែរនោះ អស់រយៈពេលជិតពីរឆ្នាំហើយ។ បញ្ហានេះ ទាមទារឲ្យទំនាក់ទំនងរបស់អ៊ីរ៉ាក់ មានតុល្យភាពជាមួយប្រទេសពីរ ដែលមានសារៈសំខាន់ចំពោះអំណាចរបស់ខ្លួន និងសត្រូវ ជាមួយគ្នាទៅវិញទៅមក គឺ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់។
ស្ថានការណ៍នេះ មានការលំបាកខ្លាំងជាពិសេសកាលពីខែមុន នៅពេលដែលសង្រ្គាម ផ្ទុះឡើងរវាងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក Mohammed Shia Al-Sudani បាននិយាយថា លោកបានប្រើប្រាស់សម្ពាធនយោបាយ និងយោធារួមគ្នា ដើម្បីបញ្ឈប់ក្រុមប្រដាប់អាវុធ ដែលជាប់ពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់មិនឲ្យចូលទៅក្នុងជម្លោះនេះ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន AP លោក Al-Sudani ពន្យល់ពីរបៀប ដែលលោកធ្វើរឿងនេះ និងរបៀបដែលលោកមានគម្រោងរក្សាក្រុមប្រដាប់អាវុធទាំងនេះ ឲ្យបន្តដំណើរការទៅមុខ នៅពេលលោកស្វះស្វែងរកអាណត្តិទី២ នេះគឺជាមូលហេតុដែលលោកចង់ខិតទៅជិតរដ្ឋបាលរបស់លោក ត្រាំ បើទោះបីជាលោករក្សាទំនាក់ទំនងរឹងមាំជាមួយគណបក្សនយោបាយ ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានជួយជំរុញលោក ឲ្យឡើងកាន់អំណាច នៅឆ្នាំ ២០២២ ក៏ដោយ។
លោក Al-Sudani បាននិយាយថា បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់ បានឆ្លើយតបដោយការបាញ់មីស៊ីលទៅលើទីក្រុង Tel Aviv ក្រុមប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់ បានព្យាយាមបាញ់មីស៊ីល និងយានដ្រូនទៅកាន់អ៊ីស្រាអែល និងនៅមូលដ្ឋានទ័ពនៅអ៊ីរ៉ាក់ដែលមានកងទ័ពអាមេរិក។ ប៉ុន្តែពួកវាទាំងអស់នោះ ត្រូវបានរារាំងចំនួន ២៩លើក ដោយ «ក្រុមប្រតិបត្តិការសន្តិសុខ» របស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលលោកមិនបានផ្តល់សេចក្តីលម្អិតទេ។
