រដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ (ទី២៨ ខែកក្កដា) បានព្រមានថា ការឆ្លើយតប ចំពោះសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងកើតមានតាមរយៈ «វិធីសាស្ត្រកាន់តែម៉ឺងម៉ាត់ជាងមុន» ប្រសិនបើប្រទេសទាំង២ វាយប្រហារប្រទេសអ៊ីរ៉ង់ជាថ្មីម្តងទៀត។
ការអត្ថាធិប្បាយនេះហាក់ដូចជាឆ្លើយតបទៅនឹងការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលនៅព្រឹកថ្ងៃនោះ បានគំរាមឲ្យ «បំផ្លាញទាំងស្រុង» នូវកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាម ប្រសិនទីក្រុងតេអេរ៉ង់បន្តសកម្មភាពបរមាណូ បន្ទាប់ពីមានការវាយប្រហារបន្តបន្ទាប់របស់សហរដ្ឋអាមេរិកកាលពីខែមុន។

តាមរយៈការបង្ហោះសារ នៅលើបណ្ដាញសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងថា៖ «ប្រសិនបើមានការឈ្លានពានជាថ្មី យើងនឹងមិនរារែកក្នុងឆ្លើយតប តាមរយៈវិធីសាស្ត្រម៉ឺងម៉ាត់ជាងមុន និងតាមវិធីមួយដែលនឹងមិនអាចលាក់កំបាំងទៀតទេ»។
លោកបានបន្ថែមថា៖ «ប្រសិនបើមានក្ដីបារម្ភ អំពីការបង្វែរកម្មវិធីនុយក្លេអ៊ែររបស់យើងទៅជាគោលបំណងមិនសន្តិភាពនោះ ជម្រើសប្រើប្រាស់កម្លាំងយោធា បានបង្ហាញឲ្យឃើញពីការមិនអាចដំណើរការបានទេ ប៉ុន្តែដំណោះស្រាយតាមរយៈការចរចា អាចដំណើរការបាន»។
វានៅតែមានភាពមិនទាន់ច្បាស់លាស់ថា តើការខូចខាតកម្រិតណា ត្រូវបានបង្កឡើងដោយការវាយប្រហាររបស់អាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលបានកើតឡើង បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកដ៏គួរឲ្យភ្ញាក់ផ្អើល ដែលខ្លួនបានផ្ដល់ហេតុផលថា មានគោលបំណងរារាំងអ៊ីរ៉ង់កុំឲ្យផលិតបានអាវុធបរមាណូ៕

