មិនមានជម្រើសផ្សេងៗ ក្រៅពីដំណោះស្រាយរដ្ឋ២ នោះឡើយ សម្រាប់បញ្ហា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើតាមការលើកឡើងរបស់ប្រទេសបារាំង ដែលធ្វើជាសហប្រធានជាមួយអារ៉ាប៊ីសាអ៊ូឌីត នៅឯសន្និសីទអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី២៨ ខែកក្កដា) ជាព្រឹត្តិការណ៍ដែលត្រូវបានធ្វើពហិការដោយអ៊ីស្រាអែល និងត្រូវបានដាក់ឈ្មោះដោយទីក្រុងវ៉ាស៊ីនតោនថា ជាការជួបជុំមិនទទួលបានផលអ្វីឡើយ។

នៅពេលចាប់ផ្តើមកិច្ចប្រជុំរយៈពេល ៣ថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយថា៖ «មានតែដំណោះស្រាយនយោបាយរដ្ឋ ២ ប៉ុណ្ណោះ ទើបជួយឆ្លើយតបទៅនឹងក្តីប្រាថ្នាស្របច្បាប់របស់អ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងការរស់នៅប្រកបដោយសន្តិភាព និងសន្តិសុខ។ មិនមានជម្រើសផ្សេងឡើយ»។
ប៉ុន្មានថ្ងៃនៅមុនសន្និសីទនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា លោកនឹងទទួលស្គាល់ជាផ្លូវការនូវភាពជារដ្ឋរបស់ប៉ាឡេស្ទីន នៅក្នុងខែកញ្ញា ជាការសម្រេចដែលបង្កឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
ចំណែកលុចសំបួ បានព្រលយពាក្យកាលពីថ្ងៃទី២៨ ខែកក្កដាថា ខ្លួនអាចនឹងធ្វើតាមបារាំង ហើយទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ក្នុងខែកញ្ញា ដោយមានលទ្ធភាពដែលប្រទេសផ្សេងទៀតអាចប្រកាសផែនការស្រដៀងគ្នានេះ នៅពេលដែលសន្និសីទបន្តប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដានេះ។
នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំដោយអំពាវនាវឲ្យកម្លាំងអន្តរជាតិជួយធានាដល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន មេដឹកនាំប៉ាឡេស្ទីន លោក Mohammad Mustafa បានលើកឡើងថា៖ «រដ្ឋទាំងអស់មានទំនួលខុសត្រូវក្នុងការចាត់វិធានការឥឡូវនេះ»៕
