កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim បានកោះប្រជុំការពិគ្រោះយោបល់ប្រចាំឆ្នាំលើកដំបូងរបស់ពួកគេ ចាប់តាំងពីឡើងកាន់អំណាច ដែលជាការចាប់ផ្តើមឡើងវិញជំនួបកម្រិតខ្ពស់ដែលបានរៀបចំឡើងលើកចុងក្រោយកាលពីឆ្នាំ ២០១៧ ។
ពុំមានមេដឹកណារូបណាផ្តល់ព័ត៌មានលម្អិតដល់សារព័ត៌មានពីលទ្ធផលនៃជំនួបទ្វេភាគីបិទទ្វាររបស់ពួកគេនោះឡើយ ដែលបានរៀបចំឡើងនៅទីក្រុងហ្សាកាតា ។
ទោះបីជាយ៉ាងណាក៏ដោយ គេបានរំពឹងថា មេដឹកនាំទាំង ២ នឹងពិភាក្សាលើទំនាក់ទំនងទ្វេភាគី បញ្ហាក្នុងតំបន់ សង្រ្គាមអ៊ីស្រាអែលនៅហ្កាហ្សា ក៏ដូចជាបញ្ហាពន្ធសហរដ្ឋអាមេរិក នៅក្នុងចំណោមបញ្ហាដទៃទៀត ។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចការងាររយៈពេល ២ថ្ងៃ លោក Anwar បានធ្វើដំណើរទៅកាន់លេខាធិការដ្ឋានអាស៊ាន ជាទីដែលលោកបានជួបជាមួយអគ្គលេខាធិការអាស៊ានលោក Kao Kim Hourn ។
ក្នុងតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំនេះ លោក Anwar បានផ្តល់សេចក្តីថ្លែងការណ៍សំខាន់មួយបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ីចំពោះការធ្វើសមាហរណកម្មក្នុងតំបន់ និងការអភិវឌ្ឍន៍សហគមន៍អាស៊ាន ។
លោក Anwar ដែលបានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ ត្រូវបានស្វាគមន៍ដោយលោក Prabowo ពេលលោកធ្វើដំណើរមកដល់វិមានប្រធានាធិបតីនៅទីក្រុងហ្សាកាតា ៕