កោះតៃវ៉ាន់៖ កងកម្លាំងទ័ពអាកាសរបស់កោះតៃវ៉ាន់កាលពីថ្ងៃអង្គារ បានផ្អាកដំណើរការធ្វើសមយុទ្ធយន្តហោះចម្បាំង F-16 របស់ខ្លួន បន្ទាប់ពីយន្តហោះចម្បាំងគំរូទើបអភិវឌ្ឍន៍ថ្មីមួយគ្រឿងបានធ្លាក់ចូលសមុទ្រ នៅក្នុងហេតុការណ៍ចុងក្រោយបំផុតនៃឧបទ្ទវហេតុជាបន្តបន្ទាប់។

ក្រសួងការពារជាតិរបស់កោះនេះបាននិយាយថា យន្តហោះចម្បាំង F-16V ដែលជាប្រភេទទំនើបបំផុតរបស់កងនាវាកោះតៃវ៉ាន់ បានបាត់ចេញពីប្រព័ន្ធរ៉ាដាបន្ទាប់ពីហោះឡើងចេញពីមូលដ្ឋានទ័ពអាកាស Chiayi Air ក្នុងកោះតៃវ៉ាន់ភាគខាងត្បូងសម្រាប់បេសកកម្មហ្វឹកហ្វឺននៅតំបន់ឆ្នេរ។ អ្នកនាំពាក្យរបស់មេដឹកនាំកោះនេះបាននិយាយថា មេដឹកនាំលោកស្រី Tsai Ing-wen បានចេញការណែនាំឲ្យបង្កើនកិច្ចខិតខំប្រឹងឥតសម្រាកក្នុងបេសកកម្មស្វែងរក និងសង្គ្រោះ និងរកមូលហេតុនាំឲ្យមានឧបទ្ទវហេតុនេះកើតឡើង។ មជ្ឈមណ្ឌល ទីបញ្ជាជួយសង្គ្រោះរបស់រដ្ឋាភិបាលបាននិយាយថា សាក្សីបានមើលឃើញយន្តហោះធ្លាក់ចូលសមុទ្រ ហើយឧទ្ធម្ភាគចក្រ និងនាវាជាច្រើនគ្រឿងកំពុងស្វែងរកអ្នកបើកបរយន្តហោះនោះ៕
អត្ថបទ៖ សុខមាន