មន្ត្រីអាមេរិក និងចិន បានចាប់ផ្តើមកិច្ចពិភាក្សាថ្ងៃទី២ នៅទីក្រុង Stockholm ប្រទេសស៊ុយអែត នាថ្ងៃអង្គារ (ទី២៩ ខែកក្កដា) នេះ ដើម្បីដោះស្រាយជម្លោះផ្នែកសេដ្ឋកិច្ចដែលអូសបន្លាយជាយូរមកហើយ និងដើម្បីបន្ថយកម្ដៅសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើង រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២។
កិច្ចប្រជុំនេះអាចនឹងមិនទទួលបានលទ្ធផលជោគជ័យធំដុំភ្លាមៗនោះឡើយ ប៉ុន្តែភាគីទាំង២ អាចព្រមព្រៀងគ្នាបន្ត ៩០ថ្ងៃទៀត លើរយៈពេលនៃការផ្អាកសង្គ្រាមពន្ធដែលបានឈានដល់កាលពីពាក់កណ្តាលខែឧសភា។

ការជួបពិភាក្សានេះក៏អាចបើកផ្លូវដល់លទ្ធភាពឲ្យមានជំនួប រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នៅចុងឆ្នាំ២០២៥ នេះ បើទោះបីជាលោក Trump នៅថ្ងៃទី២៩ ខែកក្កដានេះ បានបដិសេធថា មិនបានប្រឹងប្រែង ដើម្បីឲ្យមានការជួបគ្នានោះឡើយ។
គណៈប្រតិភូបានជួបប្រជុំគ្នាជាង ៥ម៉ោង កាលពីថ្ងៃទី២៨ ខែកក្កដា នៅ Rosenbad ដែលជាការិយាល័យនាយករដ្ឋមន្ត្រីស៊ុយអែត នៅកណ្តាលរដ្ឋធានី Stockholm។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ត្រូវបានគេមើលឃើញថា បានទៅដល់ការិយាល័យ Rosenbad នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ បន្ទាប់ពីមានកិច្ចប្រជុំដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson។ ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ក៏បានទៅដល់ទីនោះផងដែរ។ មិនមានភាគីណាមួយ បានចេញសេចក្តីថ្លែងការណ៍ឡើយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្ងៃទី១៕

