អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយកាលពីថ្ងៃចន្ទថា អាជ្ញាធរចិនគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ហើយស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ស្ថិរភាពពិភពលោក។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«ប្រទេសចិន នឹងស្វាគមន៍ការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរុស្ស៊ី-អាមេរិក និងការរួមចំណែករបស់ប្រទេសទាំងពីរ ក្នុងការធានាសន្តិភាព និងស្ថិរភាពអន្តរជាតិ» ដោយអត្ថាធិប្បាយអំពីលទ្ធភាពនៃជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងសមភាគីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងប៉េកាំង នៅចុងខែសីហា ឬដើមខែកញ្ញា»។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាមហាអំណាចដែលមានឥទ្ធិពលលើស្ថានភាពអន្តរជាតិ។
លោក ពូទីន ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចុងខែសីហា ឬដើមខែកញ្ញា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ៨០ នៃជ័យជម្នះ ក្នុងសង្គ្រាមលោកលើកទី២ និងសង្រ្គាមប្រជាជនចិននៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ ក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំដែលបង្ហាញគ្រឿងយុទ្ធោបករណ៍ដែលផលិតក្នុងស្រុករបស់ប្រទេសចិន នឹងប្រព្រឹត្តទៅ នៅទីក្រុងប៉េកាំង នៅថ្ងៃទី ០៣ ខែកញ្ញា។
