យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលចេញផ្សាយនៅថ្ងៃអង្គារ (ទី២៩ ខែកក្កដា) នេះ បានបង្ហាញថា ចំនួនប្រជាជនរបស់ប្រទេសកូរ៉េខាងត្បូង ស្ទើរតែមិនមានកំណើនសោះឡើយ ក្នុងឆ្នាំ២០២៤ ខណៈការកើនឡើងនូវជនបរទេស បានជួយប៉ះប៉ូវដល់ការថយចុះជាបន្តបន្ទាប់នៃចំនួនប្រជាជនកូរ៉េ។
ហើយទិន្នន័យក៏បានគូសបញ្ជាក់អំពីចំនួនប្រជាជនវ័យចំណាស់របស់ប្រទេសនេះផងដែរ ដោយក្នុងនោះមានប្រជាជនកូរ៉េខាងត្បូងប្រមាណជាម្នាក់ ក្នុងចំណោម ៥នាក់ ឥឡូវនេះ មានអាយុ ៦៥ឆ្នាំ ឬលើសនេះ។

នៅក្នុងទិន្នន័យជំរឿនប្រចាំឆ្នាំរបស់ខ្លួន ស្ថាប័នស្ថិតិកូរ៉េបានរាយការណ៍ថា ចំនួនប្រជាជនសរុបបានកើនឡើងដល់ ៥១,៨លាននាក់ គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះគឺជាការកើនឡើងត្រឹមតែ ៣១.០០០នាក់ ពីឆ្នាំមុន ឬ ០,១ភាគរយ។
ចំនួនប្រជាជនពីមុនបានធ្លាក់ចុះក្នុងរយៈពេល ២ឆ្នាំជាប់គ្នា ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ មុនកើនឡើងវិញ នៅឆ្នាំ២០២៣។ តែក្នុងឆ្នាំ២០២៤ កំណើនបានថយចុះពី ០,២ភាគរយ កាលពីឆ្នាំមុន។
ក្នុងចំណោមប្រជាជនសរុប ៤៩,៧៦លាននាក់ គឺជាជនជាតិកូរ៉េ ដែលស្មើនឹង ៩៦ភាគរយភាគរយ។ ជនបរទេសមានចំនួន ២,០៤លាននាក់ ឬ ៣,៩ភាគរយ ដោយនេះជាលើកទី១ ហើយ ដែលចំនួនជនបរទេសមានលើសពី ២លាននាក់៕
