មនុស្ស ៧នាក់ រួមទាំងភ្នាក់ងារពន្លត់អគ្គិភ័យ និងកុមារដែរនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយហេតុការណ៍ឆាបឆេះអគារផ្ទះល្វែង HDB ស្ថិតក្នុងទីក្រុងរណប Toa Payoh ប្រទេសសិង្ហបុរី។
អគ្គិភ័យនេះ បានចាប់ផ្តើមឆាបឆេះឡើងនៅជាន់ទី ១០នៃប្លុកអគារ 229 Toa Payoh Lorong 8 ហើយនិងរីករាលដាលដល់អគារជាន់ទី ១១ ។

កងកម្លាំងការពារស៊ីវិលសិង្ហបុរី (SCDF) និយាយថា ពួកគេទទួលបានការជូនដំណឹងពីឧបទ្ទេវហេតុអគ្គិភ័យនេះ នៅវេលាម៉ោង ១ និង ១០នាទីរសៀល ហើយអគ្គិភ័យ កំពុងឆាបឆេះនៅអគារជាន់ទី ១០ ពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានធ្វើដំណើរទៅដល់ ។
កងកម្លាំង SCDF និយាយទៀតថា អគ្គិភ័យនៅជាន់ទី ១០ ត្រូវបានគ្រប់គ្រងបានមុន ហើយនៅវេលាម៉ោង ៥ និង ៤០នាទីល្ងាច ពួកគេបានពន្លត់អគ្គិភ័យដោយជោគជ័យផងដែរនៅអគារជាន់ទី ១១ ។
ពួកគេបន្តថា មនុស្ស ៣នាក់ បានស្រូបផ្សែង និងមានរបួសរលាកភ្លើង ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ SGH ។
ដោយឡែក មូលហេតុបណ្តាលឲ្យអគ្គិភ័យនេះកើតឡើង គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ៕
