ដោយមានវ៉ាលិស និងការបូបដាក់អីវ៉ាន់ធំៗ គ្រួសារនៃប្រជាជនស៊ូដង់ដែលប្រមូលផ្តុំគ្នានៅស្ថានីយ៍រថភ្លើងសំខាន់ៗរបស់ទីក្រុងគែរ សង្ឃឹមថា នឹងបានវិលទៅរកស្ថានភាពមានស្ថិរភាពវិញ បន្ទាប់ពីបានភៀសខ្លួនចេញពីសង្រ្គាមស៊ីវិលក្នុងប្រទេសរបស់ខ្លួន។
ពួកគេស្ថិតក្នុងចំណោមជនភៀសខ្លួនស៊ូដង់រាប់ពាន់នាក់ ដែលកំពុងសម្រុកចេញពីអេហ្ស៊ីបត្រលប់ចូលទៅក្នុងដែនដីដែលត្រូវបានដណ្តើមកាន់កាប់បានវិញដោយកងកម្លាំងប្រដាប់អាវុធស៊ូដង់ ពីកងកម្លាំងគាំទ្ររហ័ស (RSF) នៅទីក្រុង Khartoum និងតំបន់ជុំវិញ តាំងពីដើមឆ្នាំនេះ។
ក្រុមគ្រួសារទាំងនោះ កំពុងរង់ចាំជិះរថភ្លើងឥតគិតថ្លៃទៅកាន់ទីក្រុង Aswan ភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប ដែលនៅទីនោះពួកគេនឹងជិះរថយន្តក្រុងទៅកាន់រដ្ឋធានី Khartoum នៃប្រទេសស៊ូដង់។ គេឃើញមានក្មេងស្រី ប៉ុន្មាននាក់ពាក់មួកសរសេរអក្សរ «អរគុណអេហ្ស៊ីប» ជាភាសាអារ៉ាប់។
បើយោងតាមតួលេខពីអង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេសន៍ ឬ IOM បានឲ្យដឹងថា ប្រជាជនស៊ូដង់ជាង ៤លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ក្នុងនោះរួមទាំងជាង ១,៥លាននាក់ទៅកាន់ប្រទេសអេហ្ស៊ីបផងដែរ បន្ទាប់ពីសង្រ្គាមបានផ្ទុះឡើង រវាងកងទ័ព និងកងកម្លាំង RSF ក្នុងខែមេសា ឆ្នាំ២០២៣។
របាយការណ៍របស់ IOM បានឲ្យដឹងនៅដើមខែនេះថា ចាប់តាំងពីដើមឆ្នាំនេះ មនុស្សជាង ១៩០.០០០នាក់ បានឆ្លងព្រំដែនពីអេហ្ស៊ីបចូលទៅស៊ូដង់ ពោលគឺច្រើនជាង ៥ដងនៃចំនួនអ្នកដែលបានវិលត្រលប់ទៅប្រទេសកំណើតវិញ ក្នុងឆ្នាំ២០២៤៕