នៅថ្ងៃអង្គារនេះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei និយាយថា ការទាមទាររបស់លោកខាងលិច ជុំវិញកម្មវិធីនុយក្លេអ៊ែរទីក្រុងតេអេរ៉ង់ គឺជាពាក្យដោះសារ ដើម្បីប្រឈមជាមួយសាធារណរដ្ឋអ៊ិស្លាម រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ព្រមានពីការវាយប្រហារថ្មី បើសិនជាអ៊ីរ៉ង់ចាប់ផ្តើមការងារនុយក្លេអ៊ែរឡើងវិញ ។
លោក Trump បានចេញការព្រមានកាលពីថ្ងៃចន្ទ ពេលដែលលោកមានជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer នៅរមណីយដ្ឋានវាយកូនហ្គោល Turnberry របស់លោក ស្ថិតក្នុងតំបន់ឆ្នេរភាគខាងលិចស្កុតដែល ។
អ៊ីរ៉ង់ដែលច្រានចោលការព្យាយាមផលិតអាវុធនុយក្លេអ៊ែរនោះ បាននិយាយយ៉ាងទទួចថា ខ្លួននឹងមិនបោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងប្រទេសរបស់ខ្លួននោះឡើយ បើទោះបីជាមានការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរ ៣កន្លែងរបស់ពួកគេក៏ដោយ ។
សហរដ្ឋអាមេរិក បានចូលរួមការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែមុន និងបានបើកការវាយប្រហារតាមច្រកអាកាសលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោននិយាយថា គឺជាផ្នែកមួយនៃកម្មវិធីឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ ។ ទីក្រុងតេអេរ៉ង់ និយាយការពារថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងគោលបំណងស៊ីវិលសុទ្ធសាធ ៕