សហរដ្ឋអាមេរិក៖ កាលពីថ្ងៃអង្គារសហរដ្ឋអាមេរិកបានគំរាមអនុវត្តន៍វិធានការសេដ្ឋកិច្ចធ្ងន់ធ្ងរលើរុស្ស៊ី និងជួយការពារផ្នែកខាងកើតរបស់អង្គការណាតូ ប្រសិនបើរុស្ស៊ីប្រើប្រាស់កងទ័ពជាង ១០ម៉ឺននាក់ដែលខ្លួនបានប្រមូលផ្តុំនៅតាមព្រំដែនរបស់ខ្លួន ដើម្បីពង្រីកជម្លោះនៅអ៊ុយក្រែននោះ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយលោកស្រី Victoria Nuland បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រសួងការបរទេសថា យើងនឹងឆ្លើយតបដោយការដាក់វិធានការសេដ្ឋកិច្ចធ្ងន់ធ្ងរ រួមទាំងទណ្ឌកម្មទាំងឡាយដែលមិនទាន់បានប្រើនាពេលកន្លងមក ដោយគំរាមពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានត្រៀមដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រើសិនហ៊ានឈ្លានពានអ៊ុយក្រែន។
ចំណែកលោក Antony Blinken ប្រមុខការទូតអាមេរិកបានបញ្ជាក់ជាថ្មីទៀតថា សហរដ្ឋអាមេរិកប្ដេជ្ញាសងសឹករុស្ស៊ីដោយប្រើទណ្ឌកម្មលើសេដ្ឋកិច្ចយ៉ាងធ្ងរធ្ងរ អំឡុងសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ពីការសន្ទនាតាមទូរស័ព្ទថា លោក Blinken ក៏បានសន្យាពង្រឹងវត្តមានកងកម្លាំងរបស់អង្គការណាតូនៅក្នុងខ្សែត្រៀមជួរ ជាមួយនឹងបណ្ដារដ្ឋជាសម្ព័ន្ធមិត្តនានា និងបង្កើនជំនួយវិស័យការពារជាតិជួយដល់អ៊ុយក្រែន ប្រសិនបើរុស្ស៊ីពង្រីកជម្លោះកាន់តែធំ៕
អត្ថបទ៖ សុខមាន