រលកនៃភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញបានរាលដាលពាសពេញទ្វីបអឺរ៉ុបខាងត្បូងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបណ្តាលមកពីសីតុណ្ហភាពក្តៅខ្លាំង ខ្យល់បក់ខ្លាំង និងគ្រោះរាំងស្ងួតយូរ។ ក្រុមសង្គ្រោះបន្ទាន់នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ខណៈក្រុមអ្នកជំនាញព្រមានពីស្ថានភាពអាកាសធាតុកាន់តែអាប់អួរខ្លាំង និងការកើនឡើងហានិភ័យចំហេះព្រៃ។

ព័រទុយហ្គាល់ កំពុងទប់ទល់ភ្លើងឆេះព្រៃដ៏ធំក្នុងតំបន់ភាគខាងជើង និងកណ្តាល។ចំហេះព្រៃមួយជិតទីក្រុង Valongo ក្នុងសង្កាត់ Portalegre ត្រូវបានពន្លត់ បន្ទាប់ពីបានឆេះបំផ្លាញព្រៃឈើដ៏ច្រើន។ មនុស្សបីនាក់ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារអស់កម្លាំង។
នៅប្រទេសក្រិក ភ្លើងឆេះព្រៃជាង ៥០កន្លែង បានឆាបឆេះក្នុងរយៈពេល ២៤ ម៉ោងកាលពីសប្តាហ៍មុន ដែលប៉ះពាល់ដល់តំបន់ Attica, Evia, Peloponnese, Kythera និង Crete ហើយបន្តមកដល់សប្ដាហ៍នេះ។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈផ្ទះសម្បែង និងដីស្រែចម្ការត្រូវបានរងការគំរាមកំហែង។ យន្តការការពារជនស៊ីវិលរបស់សហភាពអឺរ៉ុបត្រូវបានធ្វើសកម្មភាពកាន់តែខ្លាំង ដោយនាំមកនូវការគាំទ្រពីប្រទេសអ៊ីតាលី និងសាធារណរដ្ឋឆេក។ អ្នកពន្លត់អគ្គិភ័យ៦នាក់បានរងរបួស ហើយម៉ាស៊ីនមួយចំនួនរងការខូចខាត។
អ៊ីតាលីបន្តទប់ទល់នឹងភ្លើងឆេះព្រៃនានា ជាពិសេសនៅក្រុងស៊ីស៊ីលី ដែលមានសីតុណ្ហភាពលើសពី៤០អង្សាសេ។ អគ្គិភ័យនៅទីក្រុង Trapani និងទីក្រុង Palermo បានបំផ្លាញផ្ទះសម្បែង និងបង្ខំឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋាន។នៅទីក្រុង Partinico ភ្លើងឆេះព្រៃចំនួនប្រាំពីរកន្លែង បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
រ៉ូម៉ានី បានបញ្ជូនឧទ្ធម្ភាគចក្រ Black Hawk ទៅកាន់ប៊ុលហ្ការី កាលពីថ្ងៃចន្ទ ជាបេសកកម្មបរទេសដំបូងរបស់ខ្លួន ដើម្បីជួយប្រតិបត្តិការពន្លត់ចំហេះព្រៃនៅទីនោះ៕

