ប្រធានាធិបតីអាមេរិក លោក Donald Trump បានណែនាំថា "ការព្រមានអំពីរលកយក្សស៊ូណាមិ នៅតែមានសុពលភាពសម្រាប់អ្នករស់នៅក្នុងរដ្ឋហាវ៉ៃ"។ លោក Trump បន្ថែមថា "ការឃ្លាំមើលរលកយក្សស៊ូណាមិ បន្តនៅជាធរមានសម្រាប់រដ្ឋអាឡាស្កា និងឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃសហរដ្ឋអាមេរិក"។

សេចក្ដីណែនាំរបស់លោក Trump បានធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក និយាយថា គ្រោះរញ្ជួយដីកម្រិតខ្លាំងក្លា ៨,៧រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសរុស្ស៊ី វេលាម៉ោង ៨:២៥នាទីព្រឹក ម៉ោងក្នុងតំបន់ នាថ្ងៃពុធ ៣០ កក្កដា នេះ បានបង្កជារលកយក្សស៊ូណាមិធំៗយ៉ាងគ្រោះថ្នាក់។ បទបញ្ជាជម្លៀសបន្ទាន់ និងការប្រកាសអាសន្នត្រូវបានដាក់ចេញនៅតាមប្រទេសជាច្រើនដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ៕
