ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក (USGS) បានកែប្រែកម្លាំងនៃគ្រោះរញ្ជួយដី ដែលបានវាយប្រហារឆ្នេរសមុទ្រចុងបូព៌ានៃប្រទេសរុស្ស៊ី នៅវេលាម៉ោង ០៨:២៥នាទីព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃពុធ ៣០ កក្កដា នេះ ឱ្យឡើងដល់កម្រិត ៨,៨រ៉ិចទ័រ យ៉ាងគ្រោះថ្នាក់។

កម្រិតរញ្ជួយដីដំបូងត្រូវបានរាយការណ៍ថាមានកម្រិត ៨,០រ៉ិចទ័រ ហើយក្រោយមកបានកែប្រែឡើងដល់ ៨,៧រ៉ិចទ័រវិញ ចំណែកពេលនេះបានកើនកម្លាំងកាន់តែកំណាច។ USGS បន្ថែមថា រញ្ជួយដីតូចៗបន្តបន្ទាប់ជាច្រើនដែលក៏ខ្លាំងក្លាផងដែរក្នុងកម្រិត ៦,៩រ៉ិចទ័រ ត្រូវបានកត់ត្រាទុកនៅទីតាំងជាច្រើន។សេចក្ដីរាយការណ៍បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានបណ្តាលឱ្យខូចខាតដល់អគារ និងរថយន្ត នៅតាមដងផ្លូវក្នុងទីក្រុង Petropavlovsk-Kamchatsky របស់រុស្ស៊ី ដែលមានការដាច់ចរន្តអគ្គិសនីទូលំទូលាយ និងសេវាទូរស័ព្ទចល័តមិនដំណើរការ។
សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅមុននោះ បានបន្ថែមថា មនុស្សមួយចំនួនបានស្វះស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រនៅឧបទ្វីប Kamchatka បន្ទាប់ពីរញ្ជួយដី ប៉ុន្តែមិនមានអ្នករងរបួសធ្ងន់ធ្ងរទេ៕