យោងតាមក្រសួងសុខាភិបាលក្នុងតំបន់រងការឡោមព័ទ្ធហ្កាហ្សា ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ដោយសារការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែល បានឡើងដល់៦០.០៣៤នាក់ ចាប់តាំងពីសង្រ្គាមនៅហ្កាហ្សា បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ ២០២៣។

ចំនួនមនុស្សស្លាប់ជាបន្តបន្ទាប់ បានរុញចំនួនអ្នកស្លាប់ឈានដល់ជាង៦០.០០០នាក់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈស្ថាប័នចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួម (IPC)ដែលជាប្រព័ន្ធតាមដានភាពអត់ឃ្លានជាសកលបានព្រមាននៅក្នុងរបាយការណ៍ថ្មីមួយថា សេណារីយ៉ូករណីទុរ្ភិក្សដ៏អាក្រក់បំផុត កំពុងលេចឡើងនៅក្នុងតំបន់ហ្កាហ្សា។

ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៨៣នាក់ រួមទាំងអ្នកស្វែងរកជំនួយចំនួន ៣៣ នាក់ត្រូវបានសម្លាប់នៅដើមសប្ដាហ៍នេះ ទោះផ្អាកការប្រយុទ្ធដើម្បីផ្តល់ជំនួយមនុស្សធម៌សំខាន់ៗក៏ដោយ។
យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Al Jazeera នៅទីក្រុង Deir el-Balah ភាគកណ្តាល ដែនដីហ្កាហ្សាបានឲ្យដឹងថា អ៊ីស្រាអែលបានប្រើ រថក្រោះ និងយានដ្រូន ក្នុងអ្វីដែលអ្នកស្រុកហៅថាជាយប់ដ៏បង្ហូរឈាមបំផុតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ៕