ការស្ទង់មតិពីសារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានរកឃើញថា អត្រាគាំទ្រពីសាធារណជនអាមេរិករបស់លោកប្រធានាធិបតី Donald Trump បានធ្លាក់ចុះ ១% ទៀតមកនៅត្រឹមកម្រិត ៤០% ដែលជាកម្រិតទាបបំផុតនៃអាណត្តិទីពីររបស់លោកនៅក្នុងតំណែង ដោយសារប្រជាជនអាមេរិក នៅតែមានក្ដីបារម្ភពីកិច្ចការដោះស្រាយផ្នែកសេដ្ឋកិច្ច និងអន្តោប្រវេសន៍របស់លោក។

ការស្ទង់មតិរយៈពេល ៣ថ្ងៃដែលបានបិទនៅថ្ងៃចន្ទ (២៨ កក្កដា) បានសាកសួរស្ទង់មតិលើមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកចំនួន ១.០២៣នាក់ ទូទាំងប្រទេស ហើយបានបង្ហាញពីប្រជាជាតិមួយដែលបែកខ្ញែកយ៉ាងស៊ីជម្រៅលើតំណែងប្រធានាធិបតីរបស់លោក Trump ដែលមានអត្រា ៨៣% នៃសមាជិកបក្សសាធារណរដ្ឋ យល់ស្របលើកិច្ចការរបស់លោក ហើយត្រឹមតែ ៣% ប៉ុណ្ណោះនៃសមាជិកបក្សប្រជាធិបតេយ្យបានយល់ស្របលើបញ្ហាដូចគ្នានេះ។
គួរឱ្យដឹងថា លោក Trump ធ្លាប់ទទួលបានប្រជាប្រិយភាពក្នុងអត្រាគាំទ្រជារួម ៤១% នៅក្នុងការស្ទង់មតិចុងក្រោយបំផុតរបស់ Reuters/Ipsos ដែលធ្វើកាលថ្ងៃទី១៥ និង១៦ ខែកក្កដា។ ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះបានធ្វើយុទ្ធនាការលើការសន្យាថាពង្រឹងសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងបង្ក្រាបជនអន្តោប្រវេសន៍ ហើយការស្ទង់មតិបានរកឃើញថា ជនជាតិអាមេរិកបង្ហាញអារម្មណ៍ចម្រុះលើការសន្យាយុទ្ធនាការធំៗទាំងពីរដែលរដ្ឋបាលរបស់លោកកំពុងធ្វើយ៉ាងកម្រោល។
អ្នកឆ្លើយតប ៣៨% បានយល់ស្របលើកិច្ចការសេដ្ឋកិច្ចរបស់លោក Trump ដែលកើនឡើងពីការយល់ស្រប ៣៥% នៅក្នុងការស្ទង់មតិពាក់កណ្តាលខែកក្កដា។ អត្រាគាំទ្ររបស់លោកលើការធ្វើអន្តោប្រវេសក៏មានកំណើនបន្តិចបន្តួចផងដែរ នដោយមានតួលេខ ៤៣% នៃអ្នកឆ្លើយតបបានយល់ស្រប បើធៀបនឹងអត្រា ៤១% នៅក្នុងការស្ទង់មតិមុន៕

