ពិភពអារ៉ាប់ បានប្រាប់ក្រុមហាម៉ាសឲ្យទម្លាក់អាវុធចុះ និងបោះបង់ចោលការចង់គ្រប់គ្រងតំបន់ហ្កាហ្សា។
ប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប បានអំពាវនាវឱ្យក្រុមភេរវករប៉ាឡេស្ទីន រំសាយកម្លាំងរបស់ខ្លួនកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ជាលើកដំបូងដែលក្រុមមេដឹកនាំទាំងនោះបានចេញការអំពាវនាវបែបនេះ។

បណ្ដាមេដឹកនាំទាំងនោះបានចូលរួមជាមួយប្រទេសចំនួន ១៤ ផ្សេងទៀត រួមទាំងអង់គ្លេស និងបារាំងផងដែរ ក្នុងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដែលថ្កោលទោសផងដែរចំពោះការវាយប្រហារភេរវកម្មថ្ងៃទី ៧ ខែតុលា ហើយបានប្រាប់ក្រុមហាម៉ាសឱ្យបោះបង់អំណាច។
នេះជាលើកទីមួយ ហើយដែលក្រុមប្រទេសអារ៉ាប់បានថ្កោលទោសក្រុមនេះ ហើយទាមទារឱ្យក្រុមនេះ លែងចូលរួមក្នុងការគ្រប់គ្រងអនាគតរបស់ប៉ាឡេស្ទីនតទៅទៀត។

ក្នុងបរិបទនៃការបញ្ចប់សង្គ្រាមនៅហ្កាហ្សា ក្រុមហាម៉ាស ត្រូវតែបញ្ចប់ការគ្រប់គ្រងរបស់ខ្លួននៅក្នុងដែនដីហែកហួរដោយសង្រ្គាមមួយនេះ ហើយប្រគល់អាវុធរបស់ខ្លួនទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន ដោយមានការចូលរួម និងការគាំទ្រពីអន្តរជាតិ ស្របតាមគោលបំណងនៃរដ្ឋប៉ាឡេស្ទីនដែលមានអធិបតេយ្យភាព និងឯករាជ្យ ក្នុងសេចក្តីប្រកាសដែលត្រូវបានធ្វើឡើងបន្ទាប់ពីសន្និសីទមួយនៅអង្គការសហប្រជាជាតិ៕