ឧត្តរមានជ័យ៖ ប្រជាកសិករភាគច្រើនរស់នៅស្រុកបន្ទាយអំពឹល ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងតែមមាញឹកងាកមកក្នុងការបង្ករបង្កើនផលដាំដំណាំដំឡូងមី បន្ទាប់ពីធ្វើស្រែ ខណៈតម្លៃដំឡូមីបច្ចុប្បន្នមានតម្លៃហក់ឡើងខ្ពស់ នៅលើទីផ្សារ នឹងមានការប្រកួតប្រជែងខ្លាំងពីក្រុមឈ្មួញក្នុងស្រុកនឹងក្រៅស្រុក មកចាំទទួលទិញដល់ទីតាំង។
កសិករម្នាក់ឈ្មោះ អ៊ុ ផល្លី វ័យជាង៦០ឆ្នាំ រស់នៅស្រុកបន្ទាយអំពឹល បានរៀបរាប់ឲ្យដឹងថា កន្លងមកក្រួសារគាត់ធ្លាប់តែធ្វើស្រែ ប៉ុន្តែបច្ចុប្បន្នតម្លៃស្រូវមានការធ្លាក់ចុះធ្វើហើយពេលប្រមូលផលម្តងៗ មិនរួចខ្លួនរូបគាត់សម្រេចចិត្តងាកមកបង្កើនការដាំដំណាំដំឡូងមីបន្ថែមទៀតដោយសារតែតម្លៃដំឡូងមីក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ រយៈពេលជិត២ឆ្នាំមកនេះ ក្រុមឈ្មួញទាំងក្នុងស្រុកនឹងក្រៅស្រុកមកទទួលចាំទិញ ក្នុងតម្លៃខ្ពស់ហើយមានការប្រកួតប្រជែងតម្លៃនៅលើទីផ្សារផងដែរ។
យ៉ាងណាម៉ិញលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះយើងសង្កេតឃើញថា ប្រជាកសិករមួយចំនួនធំងាកមកធ្វើការដាំដំណាំដំឡូងមីវិញ ច្រើនជាងការធ្វើស្រែដោយសារតម្លៃដំឡូងមីនៅខេត្តជាប់ព្រំដែនមួយនេះ មានក្រុមឈ្មួញមកពីប្រទេសថៃ នឹងវៀតណាម មកទទួលទិញនឹងបានធ្វើការប្រកួតប្រជែងគ្នាឲ្យតម្លៃខ្ពស់ផងដែរ។
កត្ដាទាំងអស់នេះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពកូវីដ-១៩ យ៉ាងណាក្តីក៏ផ្នែកដំណាំកសិកម្មផ្នែកដំណាំដំឡូងមីនេះ ដូចជាមិនសូវមានការប្រឈមអ្វីនោះទេ ៕អត្ថបទ៖ ឃិនសារិទ្ធ

