ស្របតាមសារអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុជា្រច្រើនផ្សេង បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ បានលើកឡើងដោយការប្តេជ្ញាចិត្តថថា នឹងចូលរួមអនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ តបតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងជួយសម្រាលបន្ទុកដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជនភៀសសឹក ដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ។
ដោយឡែក ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏បានបង្ហាញឆន្ទៈពីការគាំទ្រលើរឿងនេះដែរ ដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ធនាគារ អេស៊ីលីដា នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់បន្ថែមថា រាល់កិច្ចការចាំបាច់នានា ធនាគារ នឹងសហការចូលរួមក្នុងការសម្របសម្រួលធ្វើកិច្ចការដ៏មានសារៈសំខាន់នេះ ជាមួយធនាគារជាតិ នៃកម្ពុជា។
ពាក់ព័ន្ធរឿងខាងលើនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំ ស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ទៅដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក លើកលែងការផាកពិន័យ ការទូទាត់សងការប្រាក់ ជាពិសេស លុបចោលឥណទានចំនួន ១០ លានរៀល ចំពោះអតិថិជនជាយោធិនពិការ និង ៨០លានរៀល ចំពោះអតិថិជនជាយោធិនពលីនៅសមរភូមិបច្ចុប្បន្ន៕ អត្ថបទ៖ ឈិត បូរ៉ាវី







