នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃអង្គារ បានបដិសេធថាគ្មានមេដឹកនាំពិភពលោករូបណាមួយ បានដាក់សម្ពាធឱ្យឥណ្ឌាបញ្ឈប់ជម្លោះកាលពីពេលថ្មីៗនេះជាមួយប្រទេសប៉ាគីស្ថានឡើយ និងបានច្រានចោលការអះអាងដដែលៗរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលថាលោកសម្របសម្រួលសន្តិភាព។

គូប្រជែងនៅអាស៊ីខាងត្បូងនេះ បានប្រយុទ្ធគ្នាក្នុងជម្លោះរយៈពេលបួនថ្ងៃកាលពីក្នុងខែឧសភា បណ្តាលឱ្យមនុស្សជាង៧០នាក់ស្លាប់នៅភាគីទាំងសងខាង មុនពេលលោក Trump ប្រកាសបទឈប់បាញ់រវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរ។

លោក Modi បានប្រាប់សភាក្នុងអំឡុងការជជែកដេញដោលស្តីពី «ប្រតិបត្តិការ Sindoor» ជាយុទ្ធនាការយោធាដែលបានចាប់ផ្តើមប្រឆាំងប៉ាគីស្ថានកាលពីខែឧសភាថា «គ្មានមេដឹកនាំពិភពលោករូបណាមួយ បានស្នើសុំឱ្យយើងបញ្ឈប់ប្រតិបត្តិការនោះទេ»។ លោក Modi ពុំបានបញ្ចេញឈ្មោះ លោក Trump នៅក្នុងសុន្ទរកថារបស់លោកឡើយ។
ផ្ទុយទៅវិញ លោក នាយករដ្ឋមន្ត្រី បែជាអះអាងថា វាគឺជាប្រទេសប៉ាគីស្ថានដែលបានអង្វរឱ្យបញ្ឈប់ការប្រយុទ្ធគ្នា បន្ទាប់ពីគិតថាមាន «ការវាយប្រហារដ៏ក្តៅគគុករបស់យើង»។
ជម្លោះនេះ បានផ្ទុះឡើងបន្ទាប់ពីខ្មាន់កាំភ្លើងវាយប្រហារl;អ្នកទេសចរនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីខែមេសា ដោយបានសម្លាប់មនុស្ស២៦នាក់ ភាគច្រើនជាពលរដ្ឋហិណ្ឌូ។ ឥណ្ឌា បានចោទប៉ាគីស្ថានថាបានគាំទ្រអ្នកវាយប្រហារនេះ ជាការចោទប្រកាន់ដែលទីក្រុងអ៊ីស្លាម៉ាបាដ បានច្រានចោល។