ការស្ទង់មតិថ្មីមួយពីក្រុមហ៊ុនស្រាវជ្រាវ Gallup បង្ហាញថា មានពលរដ្ឋអាមេរិកត្រឹមតែ៣២ភាគរយប៉ុណ្ណោះដែលយល់ព្រមលើសកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលបានធ្លាក់ចុះ១០ ពិន្ទុពីខែកញ្ញា ឆ្នាំ២០២៤ ខណៈកំហឹងចំពោះអំពើឃោរឃៅប្រឆាំងពលរដ្ឋប៉ាឡេស្ទីននៅតែបន្តកើនឡើង។

ការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអង្គារក៏បានបង្ហាញពីការបែងចែកបក្សពួកដ៏ធំលើបញ្ហានេះ។ អ្នកឆ្លើយតបចំនួន៧១ភាគរយដែលបានបង្ហាញអត្តសញ្ញាណថាជាសមាជិកគណបក្សសាធារណរដ្ឋបាននិយាយថា ពួកគេយល់ព្រមចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែល បើប្រៀបធៀបទៅនឹងសមាជិកគណបក្សប្រជាធិបតេយ្យមានត្រឹមតែ៨ភាគរយ។

សរុបមក ៦០ភាគរយនៃអ្នកឆ្លើយតបបាននិយាយថា ពួកគេមិនយល់ព្រមចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាឡើយ។
លោក Shibley Telhami សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Maryland និងជានាយកការស្ទង់មតិលើបញ្ហាសំខាន់ៗបាននិយាយថា ការស្ទង់មតិចុងក្រោយនេះបង្ហាញពីនិន្នាការនៃការមិនពេញចិត្តកាន់តែខ្លាំងឡើងជាមួយអ៊ីស្រាអែលដែលប្រព្រឹត្តហួស ជុំវិញសង្គ្រាមនៅហ្កាហ្សា។