អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានចោទសួរអំពីការសម្លាប់សកម្មជនប៉ាឡេស្ទីន លោក Awdah Hathaleen ដែលតាមចោទប្រកាន់ថាធ្វើឡើងដោយស្នាដៃរបស់អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលម្នាក់ ដែលកាលពីពេលមុនត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានច្រានចោលនៅពេលដែលត្រូវបានសួរថាតើជនសង្ស័យនៅក្នុងការសម្លាប់លោក Hathaleen គឺ លោកYinon Levi នឹងត្រូវនាំមកឲ្យទទួលខុសត្រូវដែរ ឬទេ។

លោកស្រី Bruce បាននិយាយថា «អ៊ីស្រាអែល មានការស៊ើបអង្កេតដែលខ្លួនកំពុងអនុវត្តទាក់ទងនឹងស្ថានភាពបែបនេះ»។ «ខ្ញុំមិនដឹងពីលទ្ធផលចុងក្រោយនូវអ្វីដែលនឹងកើតឡើងនោះទេ ហើយខ្ញុំក៏គ្មានយោបល់ ឬសន្និដ្ឋានពីអ្វីដែលនឹងកើតឡើងនោះដែរ»។
ការឆ្លើយឆ្លងដ៏តានតឹងរបស់លោកស្រី Bruce ជាមួយអ្នកសារព័ត៌មាន បានកើតឡើងមួយថ្ងៃបន្ទាប់ពីវីដេអូផ្សព្វផ្សាយបង្ហាញពីការបើកការបាញ់ប្រហាររបស់លោក Levi ទៅលើលោក Hathaleen នៅក្នុងភូមិ Umm al-Kheir តំបន់កាន់កាប់West Bank។ សកម្មជនប៉ាឡេស្ទីនអាយុ៣១ឆ្នាំ បានស្លាប់ដោយការបាញ់កាំភ្លើងចំដើមទ្រូងរបស់លោក។ លោក Levi ស្ថិតក្នុងចំណោមអ្នកតាំងលំនៅរបស់អ៊ីស្រាអែលជាច្រើននាក់នៅតំបន់កាន់កាប់ West Bank ដែលកាលពីពេលមុនត្រូវបានដាក់ទណ្ឌកម្មក្រោមករដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ពីបទប្រព្រឹត្តអំពើហិង្សាប្រឆាំងពលរដ្ឋប៉ាឡេស្ទីន។
ប៉ុន្តែលោកប្រធានាធិបតី Donald Trump បានបដិសេធទណ្ឌកម្មទាំងនោះ ក្នុងក្រឹត្យមួយភ្លាមៗបន្ទាប់ពីចូលកាន់តំណែងក្នុងអាណត្តិទីពីរកាលពីខែមករា។ ប៉ុន្តែទោះជាយ៉ាងណា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប នៅតែរក្សាទណ្ឌកម្មប្រឆាំងនឹងលោក Levi។