ភ្នំពេញ៖ អាជ្ញាធរខេត្តពោធិ៍សាត់ គ្រោងរៀបចំទីតាំងចាក់វ៉ាក់សាំងដូសទី៣ នៅតាមភូមិ ជូនពលរដ្ឋក្នុងមូលដ្ឋាន ខណៈមេរោគបំប្លែងថ្មីអូមីក្រុងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ខែមករានេះ បានប្រជុំពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសការជំរុញពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬហៅថាដូសជំរុញ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
នៅក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិតបានជំរុញដល់អាជ្ញាធខេត្តពោធិ៍សាត់ ត្រូវខិតខំប្រឹងប្រែជំរុញដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ជូនពលរដ្ឋឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនអង់ទីគ័រ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង។ ក្រៅពីការងារចាក់វ៉ាក់សាំង លោកជំទាវវេជ្ជបណ្ឌិត ក៏ស្នើរដល់អាជ្ញាធរខេត្តត្រូវអប់រំផ្សព្វផ្សាយដល់ពលរដ្ឋយល់ដឹងបន្ថែមទៀតពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩។
ជាការឆ្លើយតប ឯកឧត្តមជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អាជ្ញាធរខេត្តបានរៀបចំវិធានការជាបន្តបន្ទាប់ ជាពិសេសតាមការណែនាំរបស់លោកជំទាវឱ វណ្ណឌីននៅពេលនេះ គឺអាជ្ញាធរខេត្ត គ្រោងរៀបចំទីតាំងចាក់វ៉ាក់សាំងដូសទី៣ ឫដូសជំរុញ នៅតាមភូមិ ជូនពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ខណៈមេរោគបំប្លែងថ្មីអូមីក្រុងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់បានបង្ហាញថា គិតត្រឹមថ្ងៃនេះ លទ្ធផល នៃការផ្តល់វ៉ាក់សាំងដូសជំរុញជូនកុមារអាយុ១២ ដល់ក្រោម១៨ឆ្នាំ មានចំនួន១,៦៣០នាក់, អាយុ១៨ឆ្នាំឡើង មានចំនួនជាង៤ម៉ឺននាក់ ស្មើនឹង១៦.៦៣%។ សរុបទាំងពីរក្រុមគោលដៅ ស្មើនឹង២.២០% មានចំនួន ៤៨,២៩៨នាក់ ស្មើនឹង១៤.០៤%។
លទ្ធផល នៃការសម្រេចបានទាំងនេះ គឺក្រោមការដាក់ចេញនូវផែនការ និងចង្អុលការយ៉ាងខ្ពង់ខ្ពស់ និងច្បាស់លាស់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធជាពិសេសការដាក់ចេញយុទ្ធសាស្ដ្រដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕ អត្ថបទ៖ ទូច សោភ័ណ





