លោក Yahya Saree អ្នកនាំពាក្យរបស់ក្រុមនេះ បាននិយាយថា ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន បានវាយប្រហារអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុងតែលអាវីវ( Tel Aviv)ជាមួយនឹងមីស៊ីលបាលីស្ទីកលឿនជាងសំឡេង។

លោកបាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Al Masirah ដែលជាកម្មសិទ្ធិរបស់ក្រុមឧទ្ទាមនេះថា៖«កងកម្លាំងមីស៊ីលរបស់កងកម្លាំងប្រដាប់អាវុធយេម៉ែន បានធ្វើប្រតិបត្តិការយោធាពិសេសមួយ ដោយវាយប្រហារអាកាសយានដ្ឋាន Ben Gurion ជាមួយនឹងមីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេងប្រភេទ Palestine-2» ។
«ប្រតិបត្តិការនេះ សម្រេចបានគោលដៅដោយជោគជ័យ»។
យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា ការវាយប្រហារនេះ បានផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល។

កាលពីល្ងាចថ្ងៃអង្គារ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា យោធាបានស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន។ ការប្រកាសអាសន្នអំពីការវាយប្រហារផ្លូវអាកាស ត្រូវបានចេញ នៅក្នុងតំបន់មួយចំនួននៃប្រទេសអ៊ីស្រាអែល។ យោងតាមអ្នករាយការណ៍របស់សារព័ត៌មាន TASS ស៊ីរ៉ែន ក៏បានបន្លឺឡើង នៅក្នុងតំបន់ Tel Aviv ផងដែរ។