បណ្តាញទូរទស្សន៍ Euronews បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍រួមរបស់សមាជិក ចំនួន៤០រូបរបស់សភាអឺរ៉ុប បានអំពាវនាវឲ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មប្រឆាំងនឹងអាជ្ញាធរអ៊ីស្រាអែល និងផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

នៅក្នុងឯកសារនោះ សមាជិកសភាមកពីប្រទេសសហភាពអឺរ៉ុបចំនួន ១៤ ទទូចឲ្យរដ្ឋាភិបាលអ៊ីស្រាអែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ទទួលខុសត្រូវចំពោះសកម្មភាពដែលបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងច្បាប់មនុស្សធម៌អន្តរជាតិ ដោយទាមទារឲ្យទីក្រុងប្រ៊ុចសែលចាត់វិធានការយ៉ាងម៉ឺងម៉ាត់ពាក់ព័ន្ធនឹងវិបត្តិមនុស្សធម៌ នៅតំបន់ហ្កា ហ្សាស្ទ្រីប។ សមាជិកសភាទាំងនោះ ត្រូវបានគេរាយការណ៍ថា បានអំពាវនាវដោយផ្ទាល់ឲ្យដាក់ទណ្ឌកម្មប្រឆាំងនឹងអាជ្ញាធរអ៊ីស្រាអែល ក៏ដូចជាការផ្អាកកិច្ចព្រមព្រៀងសមាគមសហភាពអឺរ៉ុប ជាមួយអ៊ីស្រា អែល។ ឯកសារដែលបានចូលជាធរមានក្នុងឆ្នាំ ២០០០ ផ្តល់សិទ្ធិពាណិជ្ជកម្មដល់រដ្ឋជ្វីហ្វ និងការចូលទៅកាន់កម្មវិធីហិរញ្ញប្បទានអឺរ៉ុបមួយចំនួន។
សមាជិកសភា អំពាវនាវឲ្យមានចំណាត់ការឆាប់រហ័ស ដើម្បីឆ្លើយតបនឹងអំពើឃោរឃៅ នៅតំបន់ហ្កាហ្សា ហើយសង្កត់ធ្ងន់ថា ពេលវេលានៃភាពខ្សោយខាងសីលធម៌ បានចប់ហើយ។ សមាជិកសភាស៊ុយអែត លោក Evin Incir បាននិយាយនៅក្នុងអត្ថាធិប្បាយមួយទៅកាន់បណ្តាញទូរទស្សន៍ Euronews ថា ពួកគេបង្ហាញកង្វល់របស់ពួកគេទៅកាន់គណៈកម្មការអឺរ៉ុប និងប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលត្រូវតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះវិបត្តិមនុស្សធម៌ ដែលកំពុងកើតឡើងនេះ។
