លោក Rawhi Fattuh ប្រធានក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន បានរិះគន់សុន្ទរកថារបស់មេដឹកនាំជាន់ខ្ពស់ របស់ក្រុមហាម៉ាស ដែលកំពុងនិរទេសខ្លួន លោក Khalil Al-Hayya ថា ជាការឆ្លុះបញ្ចាំងពីវិបត្តិផ្ទៃក្នុង និងការមិនច្បាស់លាស់ផ្នែកនយោបាយ ដែលក្រុមប្រដាប់អាវុធកំពុងប្រឈម។
លោក Fattuh បាននិយាយថា ការអះអាងរបស់លោក Al-Hayya ក្នុងអំឡុងពេលសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃអាទិត្យប្រឆាំងនឹងប្រទេសអេហ្ស៊ីប និងហ្ស៊កដានី គឺជាការប៉ុនប៉ង ធ្វើឲ្យវិបត្តិផ្ទៃក្នុងរបស់ក្រុមរាលរាលចូលទៅក្នុងប្រទេសក្នុងតំបន់។
លោកបាននិយាយថា៖«ការវាយប្រហារលើអេហ្ស៊ីប និងហ្ស៊កដានី បង្ហាញពីភាពច្របូកច្របល់ផ្នែកនយោបាយ ដែលក្រុមហាម៉ាសកំពុងជួបប្រទះ»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានWafa។
លោកបានបន្ថែមថា ការថ្លែងនោះ ឆ្លុះបញ្ចាំងពីការកិច្ចប្រឹងប្រែងដ៏អស់សង្ឃឹម ក្នុងការបង្វែរការស្តីបន្ទោសចេញពី«គោលនយោបាយបរាជ័យ និងវិធានការដែលមិនមានផែនការច្បាស់លាស់» របស់ក្រុមហាម៉ាស ដែលបានធ្វើឲ្យការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កាន់តែធ្ងន់ធ្ងរឡើង។
លោក Al-Hayya បានចោទសួរអំពីតួនាទីរបស់អេហ្ស៊ីបក្នុងការបញ្ឈប់ភាពអត់ឃ្លានកាន់តែអាក្រក់ឡើង ដែលបង្កឡើងដោយរបបអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាថា៖«តើបងប្អូនរបស់អ្នកនៅហ្កាហ្សាស្លាប់ដោយសារអត់អាហារ នៅពេលដែលពួកគេ នៅព្រំដែនរបស់អ្នក នៅជិតអ្នកដែរទេ?»។