ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃអង្គារ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីបន្ថែមរយៈពេលមួយឆ្នាំទៀតរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ជាការដាក់ទណ្ឌកម្មប្រឆាំងក្រុមប្រដាប់អាវុធដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងសាធារណរដ្ឋអាហ្រ្វិកកណ្តាល ព្រមទាំងបុគ្គលផ្សេងទៀតដែលបំផ្លាញសន្តិភាពនៅក្នុងប្រទេសនេះ។
យោងតាមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានឲ្យដឹងថា ដោយត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាមានសមាជិក១៥រូប សេចក្តីសម្រេចលេខ២៧៨៩ ណែនាំរដ្ឋសមាជិកទាំងអស់ឱ្យ «ចាត់វិធានការចាំបាច់ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់ដោយផ្ទាល់ ឬដោយប្រយោល ការលក់ឬការផ្ទេរសព្វាវុធ និងសម្ភារៈពាក់ព័ន្ធគ្រប់ប្រភេទទៅឱ្យក្រុមប្រដាប់អាវុធ និងបុគ្គលពាក់ព័ន្ធដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសនេះ» ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក៏បានបន្ថែមពេលអាណត្តិរបស់ក្រុមអ្នកជំនាញដែលជួយក្នុងការអនុវត្តទណ្ឌកម្មរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ផងដែរ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានដកបម្រាមអាវុធលើរដ្ឋាភិបាលកាលពីឆ្នាំមុន តាមរយៈសេចក្តីសម្រេចលេខ២៧៤៥ ប៉ុន្តែបានបន្សល់ទុកនូវការដាក់ទណ្ឌកម្មអាវុធលើក្រុមប្រដាប់អាវុធ និងបុគ្គលដែលពាក់ព័ន្ធប្រឆាំងនឹងគោលដៅដែលធ្វើប្រតិបត្តិការនៅក្នុងសាធារណរដ្ឋអាហ្រ្វិកកណ្តាល(CAR) និងដាក់គោលដៅវិធានការនានានៃការបង្កកទ្រព្យសម្បត្តិ និងបម្រាមធ្វើដំណើរលើបុគ្គលនិងអង្គភាព ដែលត្រូវបានរៀបចំដោយគណៈកម្មការដាក់ទណ្ឌកម្ម។
