ប្រភពចំនួនពីរដែលដឹងពីផែនការនេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសអាល្លឺម៉ង់ កំពុងរៀបចំការបញ្ជាទិញ ឬលទ្ធកម្មជាច្រើនពាន់លានអឺរ៉ូ រួមទាំងយន្តហោះចម្បាំង Eurofighter ចំនួន ២០គ្រឿង យានដែក Boxer រហូតដល់ ៣.០០០គ្រឿង និងយានប្រយុទ្ធថ្មើរជើង Patria ចំនួន ៣.៥០០គ្រឿង។

ផែនការទិញគ្រឿងយុទ្ធោបករណ៍កាន់តែច្រើននេះគឺជាផ្នែកមួយនៃការជំរុញរបស់លោកអធិការបតីអាល្លឺម៉ង់ Friedrich Merz ក្នុងការកសាងកម្លាំងកងទ័ពធម្មតាដ៏មានឥទ្ធិពលបំផុតរបស់អឺរ៉ុប ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើសម្ព័ន្ធមិត្តដែលមិនអាចទាយទុកជាមុនបានកាន់តែខ្លាំងឡើង គឺសហរដ្ឋអាមេរិក និងបង្កើនភាពទទួលខុសត្រូវកាន់តែខ្លាំងចំពោះសន្តិសុខទ្វីបអឺរ៉ុប។
កាលពីដើមឆ្នាំនេះ លោក Merz ទទួលបាននូវការគាំទ្ររបស់សភាអាល្លឺម៉ង់ ដែលចាំបាច់ដើម្បីលើកលែងការចំណាយលើវិស័យការពារជាតិ ពីដែនកំណត់បំណុល ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់អាល្លឺម៉ង់ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកអាចផ្តល់ហិរញ្ញប្បទានកាន់តែច្រើនដល់ការជួសជុលគ្រឿងយោធា។
ថវិកាការពារជាតិធម្មតារបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ប្រហែល ៨៣ពាន់លានអឺរ៉ូ នៅឆ្នាំ២០២៦ ដោយកើនឡើង ២០ពាន់លានអឺរ៉ូបន្ថែមពីឆ្នាំ២០២៥។ ប្រភពនិយាយថា ការបញ្ជាទិញយន្តហោះចម្បាំង Eurofighter ទាំងនោះត្រូវរំពឹងថានឹងមានតម្លៃចន្លោះពី ៤ពាន់លានទៅ ៥ពាន់លានអឺរ៉ូ ខណៈយានពាសដែក Boxer ត្រូវប៉ាន់ស្មានថាតម្លៃ ១០ពាន់លានអឺរ៉ូ ចំណែកយាន Patria ត្រូវមើលឃើញថាមានតម្លៃប្រហែល ៧ពាន់លានអឺរ៉ូ៕

