ថៃ៖ ក្រុមមន្ត្រីថៃនៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញក្រុមអាជ្ញាធរនៅក្នុងសហភាពមីយ៉ាន់ម៉ា ឲ្យបញ្ឈប់ការប្រើអំពើហិង្សា និងដោះលែងអ្នកជាប់ឃុំ ខណៈរដ្ឋាភិបាលយោធាបន្តការចាប់ខ្លួនទ្រង់ទ្រាយធំ និងការបង្ក្រាបដោយហិង្សាលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។

ការទទូចរបស់ប្រទេសថៃ មានឡើងរយៈពេលជាង ១សប្ដាហ៍បន្ទាប់ពីប្រទេសប្រ៊ុយណេ ដែលបានដឹកនាំការប្រជុំអាស៊ាន ដែលមានប្រទេសជាសមាជិកទាំង១០ នៅឆ្នាំនេះបានចេញសេចក្ដីថ្លែងការណ៍ផ្ទាល់ ក្នុងនាមជាប្រធានកិច្ចប្រជុំ បន្ទាប់ពីចូលរួមជំនួបពីបណ្ដារដ្ឋមន្ត្រីការបរទេសជាច្រើនតាម Video conference។ សេចក្ដីថ្លែងការណ៍នោះបានអំពាវនាវឲ្យបញ្ចប់អំពើហិង្សា និងចាប់ផ្ដើមជជែកពិភាក្សាលើដំណោះស្រាយ ដោយសន្តិវិធីនៅក្នុងសហភាពមីយ៉ាន់ម៉ា។ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកTanee Sangrat បាននិយាយថា ប្រទេសនេះកំពុងតាមដានស្ថានការណ៍វិវត្តន៍ថ្មី នៅក្នុងសហភាពមីយ៉ាន់ម៉ាទាំងក្ដីបារម្ភជាខ្លាំង៕
អត្ថបទ៖ សុខមាន