ប្រទេសអូស្ត្រាលី បានប្រកាសនៅថ្ងៃពុធ (៣០ កក្កដា) នេះថា ខ្លួននឹងបន្ថែមកម្មវិធីវីដេអូ YouTube ទៅកាន់គេហទំព័រត្រូវហាមប្រាម — ដែលជាបម្រាមដំបូងគេលើពិភពលោក — ដែលខ្លួនបានដាក់លើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ក្មេងជំទង់អាយុក្រោម ១៦ឆ្នាំ ដោយបញ្ច្រាសការសម្រេចចិត្តពីមុនក្នុងការលើកលែងឱ្យ YouTube ដែលជាគេហទំព័រចែករំលែកវីដេអូរបស់ក្រុមហ៊ុនមេ Alphabet ហើយបម្រាមថ្មីនេះអាចបង្កើតបញ្ហាប្រឈមផ្លូវច្បាប់ជាច្រើន។

ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីនិយតករអ៊ីនធឺណិត កាលពីខែមុន បានជំរុញរដ្ឋាភិបាលអូស្រា្តលី ឱ្យលុបចោលករណីលើកលែងលើ YouTube ដោយសម្អាងដល់ការស្ទង់មតិមួយ ដែលបានរកឃើញថា អត្រា ៣៧% នៃអនីតិជនបានរាយការណ៍ពីខ្លឹមសារមាតិកាបង្កគ្រោះថ្នាក់នៅលើអេប YouTube ដែលជាទិន្នន័យដ៏អាក្រក់បំផុតសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
នាយករដ្ឋមន្ត្រីអុស្រ្តាលី លោក Anthony Albanese បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារអូស្ត្រាលី កំពុងរងឥទ្ធិពលអវិជ្ជមានពីវេទិកាអនឡាញ និងរំលឹកប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីភាពទទួលខុសត្រូវក្នុងសង្គមរបស់ពួកគេ។
គួររម្លឹកថា រដ្ឋាភិបាលអូស្រា្តលី កាលពីឆ្នាំមុន បានលើកលែងឱ្យ YouTube មិនស្ថិតក្នុងបញ្ជីហាមប្រាមសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ ដោយសារតែប្រជាប្រិយភាពរបស់អេបនេះជាមួយនឹងគ្រូបង្រៀនល្បីៗ ប៉ុន្តែចាប់តាំងពីពេលនោះមក វេទិកាធំៗដូចជា Facebook និង Instagram របស់ក្រុមហ៊ុន Meta's រួមទាំង Snapchat និង TikTok ជាដើម បានតវ៉ាត្អូញត្អែរពីការលើកលែងនេះ៕

