ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (២៩ កក្កដា) ថា រូបលោកអាចនឹងរំលងកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ ឬ G20 នាពេលខាងមុខនៅអាហ្រ្វិកខាងត្បូង ក្នុងខែវិច្ឆិកា ហើយអាចបញ្ជូនអ្នកផ្សេងទៅតំណាងឱ្យសហរដ្ឋអាមេរិក ដោយលើកឡើងពីការមិនយល់ស្របរបស់លោកចំពោះគោលនយោបាយអាហ្វ្រិកខាងត្បូង។
លោក Trump ប្រាប់អ្នកយកព័ត៌មានលើយន្តហោះ Air Force One ថា "លោកគិតថា ប្រហែលជានឹងបញ្ជូនអ្នកផ្សេងទៅជំនួបកំពូលនេះជំនួសវិញ ពីព្រោះរូបលោកមានបញ្ហាជាច្រើនជាមួយអាហ្វ្រិកខាងត្បូង ខណៈមានគោលនយោបាយអាក្រក់ណាស់"។

គួរឱ្យដឹងថា លោក Trump ខ្វែងគំនិតក្នុងបញ្ហាជាច្រើននៃគោលនយោបាយក្នុងស្រុក និងបរទេសរបស់អាហ្វ្រិកខាងត្បូង រាប់ចាប់ពីគោលនយោបាយដីធ្លីរបស់ខ្លួន រហូតដល់ករណីចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍នៅក្នុងសង្គ្រាមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនៅតំបន់ហ្កាហ្សា ជាដើម។
លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីខែកុម្ភៈ បញ្ជាឱ្យកាត់បន្ថយជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ដល់អាហ្វ្រិកខាងត្បូង។ កាលពីខែឧសភា លោក Trump ក៏បានប្រឈមមុខនឹងប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ជាមួយនឹងការអះអាងមិនពិតពីការប្រល័យពូជសាសន៍លើជនជាតិស្បែកស និងការរឹបអូសយកដីធ្លី ក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមាន។
នៅដើមឆ្នាំ២០២៥នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ក៏បានរំលងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅអាហ្វ្រិកខាងត្បូងផងដែរ ដែលធ្វើជាប្រធានប្ដូរវេន G20 ចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥៕

