ប្រទេសម៉ិកស៊ិកបានដាក់ពង្រាយអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រដ្ឋាភិបាល ដើម្បីការពារប្រជាជនរបស់ខ្លួនកុំឲ្យទៅកៀកនឹងឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃអង្គារ (ទី២៩ ខែកក្កដា) បន្ទាប់ពីមានការព្រមានអំពីរលកយក្សស៊ូណាមិដែលបង្កឡើងដោយរញ្ជួយដីកម្រិត ៨,៨រ៉ិចទ័រ នៅភាគខាងកើតនៃប្រទេសរុស្ស៊ី។

កងទ័ពជើងទឹកម៉ិកស៊ិកបានព្រមានថា ចរន្តទឹកខ្លាំងត្រូវបានរំពឹងទុកកើតមាននៅច្រកចូលផែ ពីរដ្ឋ Baja California នៅភាគពាយព្យ ទៅកាន់រដ្ឋ Chiapas នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក។
អាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ចៀសវាងកុំចូលទៅកៀកតំបន់ឆ្នេរ និងអនុវត្តតាមការណែនាំផ្លូវការ រហូតដល់ហានិភ័យបានកន្លងផុតទៅ។
គួរបញ្ជាក់ថា ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិកមុននេះ បានកត់សម្គាល់ពីលទ្ធភាពនៃការមានរលករហូតដល់ ១-៣ម៉ែត្រ វាយប្រហារផ្នែកខ្លះនៃឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងនោះរួមទាំងម៉ិកស៊ិកផងដែរ បន្ទាប់ពីមានរញ្ជួយដី នៅជិតឧបទ្វីប Kamchatka របស់រុស្ស៊ី៕
