ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ថា ប្រទេសឥណ្ឌាអាចនឹងត្រូវបានដាក់អត្រាពន្ធពី ២០ ទៅ ២៥ភាគរយ ប៉ុន្តែបានព្រមានថា កាតព្វកិច្ចពន្ធចុងក្រោយនៅតែមិនទាន់ត្រូវបានបញ្ចប់សព្វគ្រប់នៅឡើយទេ ខណៈដែលប្រទេសទាំង២ ចរចា ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម មុនកាលកំណត់នៅថ្ងៃទី១ ខែសីហា។
កាលពីថ្ងៃអង្គារ (ទី២៩ ខែកក្កដា) នៅពេលត្រូវបានសួរថា តើនោះជាអត្រាពន្ធដែលអាចមាន សម្រាប់ទីក្រុងញូវដេលីមែនទេ លោកបានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំគិតថា បែបហ្នឹង»។ នៅលើយន្តហោះ Air Force One ពេលលោកត្រលប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញពីដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ នៅប្រទេសស្កុតឡែន លោក Trump បាននិយាយថា៖ «ឥណ្ឌាគឺជាមិត្តល្អ ប៉ុន្តែឥណ្ឌាបានយកពន្ធមូលដ្ឋានច្រើនជាងប្រទេសដទៃទៀត។ វាគ្រាន់តែមិនអាចទទួលយកបានឡើយ»។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើងមុនពេលចាប់ផ្តើមនៃថ្ងៃធ្វើការនៅប្រទេសឥណ្ឌា ហើយមិនទាន់មានការឆ្លើយតបជាផ្លូវការនៅឡើយទេពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។
អត្រាពន្ធ ២០ភាគរយ ឬខ្ពស់ជាងនេះ នឹងក្លាយជាការខកចិត្តមួយ សម្រាប់ប្រទេសឥណ្ឌា ដែលបាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងឲ្យប្រសើរជាងកម្រិត ១៩ភាគរយដែលលោក Trump ផ្តល់ជូនឥណ្ឌូនេស៊ី និងហ្វីលីពីន។
ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីដើមខែកក្កដាថា សហរដ្ឋអាមេរិក និងឥណ្ឌាកំពុងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ដែលនឹងកាត់បន្ថយអត្រាពន្ធស្នើឡើង នៅក្រោម ២០ភាគរយ ទោះបីជារដ្ឋបាលរបស់លោក Modi មិនព្រមតាមការទាមទារឲ្យបើកវិស័យកសិកម្ម និងទឹកដោះគោក៏ដោយ។
ទោះបីជាមន្ត្រីឥណ្ឌាបានសម្តែងសុទិដ្ឋិនិយម ក្នុងការសម្រេចបានកិច្ចព្រមព្រៀងមួយក៏ដោយ ក៏បទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បានជួបនឹងភាពច្របូកច្របល់ខ្លះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕
