ក្រសួងការបរទេសរបស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ (ទី២៩ ខែកក្កដា) បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun និងសមភាគីជប៉ុនរបស់លោក គឺលោក Takeshi Iwaya បានចែករំលែកក្ដីបារម្ភ អំពីការកើនឡើងនៃទំនាក់ទំនងយោធារបស់កូរ៉េខាងជើងជាមួយរុស្ស៊ី ក្នុងចំណោមបញ្ហាដទៃទៀត ហើយបានយល់ព្រមធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា លោក Cho បានបើកកិច្ចប្រជុំលើកដំបូងរបស់លោកនៅទីក្រុងតូក្យូជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Iwaya កាលពីថ្ងៃអង្គារ គិតចាប់តាំងពីលោកឡើងកាន់តំណែង ក្នុងខែនេះ។ បន្ទាប់មក រូបលោកត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីគាំទ្រការចរចាពាណិជ្ជកម្ម។

ដោយសំដៅទៅកូរ៉េខាងត្បូងតាមឈ្មោះផ្លូវការរបស់ប្រទេសនេះ គឺសាធារណរដ្ឋកូរ៉េ (ROK) ក្រសួងការបរទេសជប៉ុនបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសទាំង២ បានអះអាងជាថ្មីថា ប្រទេសទាំង២ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា រវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចជាក្នុងចំណោមប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក»។
ជាមួយគ្នានេះ ក្រសួងការបរទេសជប៉ុនបានបន្ថែមថា រដ្ឋមន្ត្រីទាំង២ ក៏បានសម្តែងក្ដីបារម្ភផងដែរអំពី «ការលួចប្រាក់គ្រីបតូ» របស់កូរ៉េខាងជើង ដែលផ្តល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ ហើយបើយោងតាមក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា លោក Cho និង Iwaya បានយល់ព្រមរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ។
បន្ទាប់ពីបានជួបជាមួយសមភាគីជប៉ុន លោក Cho ក៏នឹងមានកិច្ចប្រជុំលើកដំបូងរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃទី៣១ ខែកក្កដា ខណៈដែលទីក្រុងសេអ៊ូលប្រឹងប្រែងធ្វើការ សម្រាប់ការជំរុញចុងក្រោយ ដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលនឹងកំណត់ផលប៉ះពាល់នៃអត្រាពន្ធរបស់សហរដ្ឋអាមេរិកដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា៕
