សហរដ្ឋអាមេរិកគ្រោងនឹងដំឡើងពន្ធលើដៃគូពាណិជ្ជកម្មរាប់សិបនាក់ នៅថ្ងៃទី១ ខែសីហា ប្រសិនបើប្រទេសទាំងនោះមិនឈានដល់កិច្ចព្រមព្រៀងជាមួយប្រធានាធិបតី លោក Donald Trump ដើម្បីបញ្ចៀសអត្រាខ្ពស់ទេនោះ ហើយនេះធ្វើឲ្យមានហានិភ័យ សម្រាប់អ្នកប្រើប្រាស់ ដែលត្រូវប្រឈមនឹងតម្លៃទំនិញឡើងខ្ពស់។
សេដ្ឋវិទូបានព្រមានថា ពន្ធខ្ពស់ខ្លាំងរបស់សហរដ្ឋអាមេរិក ដែលបង់ដោយអ្នកនាំចូលផលិតផលបរទេស អាចបន្ថែមថ្លៃដើមអាជីវកម្ម និងប៉ះពាល់ដល់គ្រួសារ។ ហានិភ័យនេះ គឺនាំឲ្យមានការថយចុះនូវការប្រើប្រាស់ ដែលជាកត្តាជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក។ ហើយបណ្ដាអ្នកជំនាញសេដ្ឋកិច្ច បានបញ្ជាក់ថា ពន្ធរបស់លោក Trump អាចប៉ះពាល់គ្រប់យ៉ាង រាប់ចាប់ពីគ្រាប់កាហ្វេ និងអង្ករ រហូតដល់កាកាវ អាហារសមុទ្រ ឬសូម្បីតែគ្រឿងអេឡិចត្រូនិក។

យោងតាមសមាគមកាហ្វេជាតិ បានឲ្យដឹងថា ជាង ៩៩ភាគរយនៃកាហ្វេរបស់អាមេរិកត្រូវបាននាំចូល។ ស្ថាប័ននោះបានប្រាប់សារព័ត៌មាន AFP ថា ២ភាគ៣នៃមនុស្សពេញវ័យអាមេរិកផឹកកាហ្វេជារៀងរាល់ថ្ងៃ។
ចំណែកសម្លៀកបំពាក់ ដូចជាអាវ និងអាវយឺត ក៏អាចមានតម្លៃថ្លៃជាងមុនផងដែរ។ សមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក បានប្រាប់ថា ចិន វៀតណាម និងបង់ក្លាដែស មានចំនួនច្រើនជាងពាក់កណ្តាលនៃការនាំចូលសម្លៀកបំពាក់របស់សហរដ្ឋអាមេរិក ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥។ ប្រទេសទាំង៣ ប្រឈមនឹងកម្រិតពន្ធផ្សេងៗគ្នា នៅក្រោមរដ្ឋបាលរបស់លោក Trump។
សម្រាប់ផលិតផលអង្កវិញ បើយោងតាម USDA (ក្រសួងកសិកម្មសហរដ្ឋអាមេរិក) បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាប្រទេសនាំចូលអង្ករដ៏ធំបំផុត នៅអឌ្ឍគោលខាងលិច ដោយនាំចូលប្រហែល ១,៣លានតោន។ ពាក់ព័ន្ធនឹងផលិតផលកាកាវ USDA បានឲ្យដឹងថា ការនាំចូលសណ្តែកកាកាវរបស់សហរដ្ឋអាមេរិក ដែលភាគច្រើនមកពីទីកន្លែងជាច្រើន ដូចជាប្រទេសកូតឌីវ័រ និងអេក្វាឌ័រ មានតម្លៃជាមធ្យមជាង ១,១ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ ក្នុងចំណោមនោះ កូតឌីវ័រប្រឈមនឹងពន្ធ ២១ភាគរយ។
ក្រៅពីពន្ធលើការនាំចូលពីប្រទេសជាក់លាក់មួយចំនួន លោក Trump ក៏បានគំរាមផងដែរ ក្នុងការយកពន្ធ ៥០ភាគរយលើការនាំចូលទង់ដែងនៅថ្ងៃទី១ ខែសីហា។ ក្រុមហ៊ុនប្រឹក្សា BCG រំពឹងថា តម្លៃសម្ភារៈនឹងហក់ឡើងខ្ពស់ សម្រាប់ឧស្សាហកម្មសំណង់ ដែលប្រើប្រាស់ផលិតផលទង់ដែងក្នុងស្រុក ៤២ភាគរយ និងជាអ្នកផលិតផលិតផលអេឡិចត្រូនិក៕
