លោកអភិបាល Josh Green និយាយថា ក្រុមអាជ្ញាធរកោះហាវ៉ៃ ពុំបានមើលឃើញសញ្ញាណាមួយនៃរលកសមុទ្រធំៗនោះទេ ចាប់តាំងពីការត្រៀមខ្លួនសម្រាប់រលកយក្សស៊ូណាមិ ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លា បានវាយប្រហារឧបទ្វីប Kamchatka នៅចុងបូព៌ារុស្ស៊ី ។
ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នកោះហាវ៉ៃ បាននិយាយថា កំពង់ផែពាណិជ្ជកម្មត្រូវបានបិទ ហើយជើងហោះហើរចេញ-ចូលកោះ Maui ត្រូវបានបិទ ប៉ុន្តែគ្មានគម្រោងបិទចរន្តអគ្គិសនីនោះទេ ។
គួរឲ្យដឹងថា ការរញ្ជួយដីកម្រិត ៨,៨រ៉ិចទ័រ នៅជិតឧបទ្វីប Kamchatka ចុងបូព៌ារុស្ស៊ី បង្កឲ្យកើតមានរលកសមុទ្រកម្ពស់ ៥ម៉ែត្រ និងធ្វើឲ្យមានការបញ្ជាជម្លៀសខ្លួនមនុស្សនៅកោះហាវ៉ៃ និងនៅទូទាំងតំបន់ប៉ាស៊ីហ្វិក ។

ការរញ្ជួយដីរាក់ បណ្តាលឲ្យខូចខាតអគារ និងធ្វើឲ្យមនុស្សជាច្រើននាក់ រងរបួសនៅតំបន់ដាច់ស្រយាលរុស្ស៊ី ខណៈភាគច្រើននៃតំបន់ឆ្នេរសមុទ្រភាគខាងកើតជប៉ុន ដែលរងការខ្ទេចខ្ទាំដោយសារការរញ្ជួយដីកម្រិត ៩,០រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ត្រូវបានបញ្ជាឲ្យជម្លៀសប្រជាពលរដ្ឋចេញ ។
នៅកោះហាវ៉ៃ ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ត្រូវបានគេនិយាយប្រាប់ឲ្យធ្វើដំណើរទៅកាន់ទីទួលសុវត្ថិភាព ឬអគារជាន់ទី ៤ ឬនៅលើអគារ ហើយក្រុមឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បានបញ្ជាឲ្យនាវាចាកចេញកំពង់ផែ ពេលដែលរលយក្សស៊ូណាមិ ខិតជិតមកដល់ ៕

