ការិយាល័យរបស់មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ នៅថ្ងៃពុធ (ទី៣០ ខែកក្កដា) នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបញ្ចប់ការពិនិត្យឡើងវិញ ចំពោះកតិកាសញ្ញាការពារជាតិជាមួយចក្រភពអង់គ្លេស និងអូស្ត្រាលី នៅរដូវស្លឹកឈើជ្រុះនាអឌ្ឍគោលខាងជើង។
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់កាលពីខែមិថុនាថា ខ្លួនបានពិនិត្យឡើងវិញជាផ្លូវការលើកិច្ចព្រមព្រៀងការពារជាតិសម្ព័ន្ធ AUKUS ដែលមានតម្លៃរាប់រយពាន់លានដុល្លារ ជាកតិកាសញ្ញាដែលនឹងអនុញ្ញាតឲ្យអូស្ត្រាលីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដោយចំណាត់ការសើរើឡើងវិញនេះបង្កជាក្ដីបារម្ភ នៅទីក្រុងកង់បេរ៉ា។
ការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងឆ្នាំ២០២១ ដែលបានឈានដល់ក្នុងអំឡុងរដ្ឋបាលរបស់លោក Joe Biden កំពុងត្រូវបានដឹកនាំដោយអនុរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកគោលនយោបាយ លោក Elbridge Colby ដែលជាអ្នករិះគន់យ៉ាងបើកចំហ ចំពោះកិច្ចព្រមព្រៀងនេះ។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X នាថ្ងៃពុធនេះ ការិយាល័យរបស់លោក Colby បានឲ្យដឹងថា ការពិនិត្យឡើងវិញនេះ នឹងក្លាយជា «ការវាយតម្លៃជាក់ស្តែង និងច្បាស់លាស់» នៃកិច្ចព្រមព្រៀងនេះ។ សារនោះបានរៀបរាប់ថា៖ «ក្រសួងរំពឹងថា នឹងបញ្ចប់ការពិនិត្យឡើងវិញនេះ នៅរដូវស្លឹកឈើជ្រុះ។ គោលបំណងនៃការពិនិត្យជាថ្មីនេះ នឹងផ្តល់ជូនប្រធានាធិបតី និងក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់របស់លោកនូវការវាយតម្លៃយ៉ាងម៉ត់ចត់ និងផ្អែកលើការពិតនៃគំនិតផ្តួចផ្តើមនេះ»។
AUKUS គឺជាគម្រោងការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរបស់អូស្ត្រាលី ដោយទីក្រុងកង់បេរ៉ា បានប្តេជ្ញាចំណាយប្រាក់ចំនួន ៣៦៨ពាន់លានដុល្លារអូស្ត្រាលី (២៤០ពាន់លានដុល្លារ) ក្នុងរយៈពេល ៣ទសវត្សរ៍ សម្រាប់កម្មវិធី ដែលរួមមានការវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងមូលដ្ឋានផលិតនាវាមុជទឹករបស់សហរដ្ឋអាមេរិក៕