វីដេអូបញ្ចេញដោយអង្គភាពសង្រ្គោះបន្ទាន់យោធាអេស្ប៉ាញ ឃើញសមាជិកប្រហែល ១៥០នាក់របស់ពួកគេ ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Caceres នៅមុនពេលព្រឹកថ្ងៃពុធនេះ ។
ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៥អង្សាសេនៅពេលថ្ងៃ ធ្វើឲ្យកាន់តែស្មុគស្មាញដល់ការងារទប់ស្កាត់ភ្លើងឆេះព្រៃរបស់ពួកគេ ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ប្រជាពលរដ្ឋជាង ២០០នាក់ នៅស្រុក Las Hurdes ត្រូវបានជម្លៀសខ្លួនចេញ ។ រូបវីដេអូឃ្លីបរបស់កាមេរ៉ាសុវត្ថិភាពឃើញភ្លើងឆេះដើមឈើនៅលើកំពូលភ្នំ ។

ខណៈពេលនោះដែរ អង្គភាពឆ្លើយតបគ្រាអាសន្នយោធាអេស្ប៉ាញ ត្រូវបានដាក់ពង្រាយ ដើម្បីជួយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យទប់ស្កាត់ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័សនៅខេត្ត Avila ស្ថិតនៅភាគពាយ័ព្យទីក្រុង Madrid ។
ភ្លើងឆេះព្រៃនេះដែរ បានចាប់ផ្តើមឡើងកាលពីយប់ពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ នៅជិតទីក្រុង Cuevas del Valle ហើយរីករាលដាលយ៉ាងឆាប់រហ័សដល់ភូមិ Mombeltran បង្ខំឲ្យអ្នកស្រុក ៥០នាក់ ត្រូវបានជម្លៀសចេញ ។ យន្តហោះ ឧទ្ធម្ភាគចក្រ និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមគ្រប់គ្រងអណ្តាតភ្លើង ៕
