ទីក្រុងសៀងហៃ បានជម្លៀសពលរដ្ឋជាង ២៨ម៉ឺននាក់ ផ្អាកសេវាកម្មនាវាចម្លង និងជើងហោះហើររាប់រយវ៉ុល ហើយនិងកំហិតល្បឿនកំណត់លើដងផ្លូវ និងផ្លូវរថភ្លើងនាថ្ងៃពុធនេះ ស្របពេលព្យុះត្រូពិកវាយប្រហារតំបន់ភាគខាងកើតប្រទេសចិនជាមួយនឹងសន្ទុះខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ។

ការបោកបក់ដល់ដីគោករបស់ព្យុះ Co-May នៅទីក្រុងកំពង់ផែ Zhoushan ស្ថិតក្នុងខេត្ត Zhejiang នាព្រឹកថ្ងៃពុធនេះ មិនយូរប៉ុន្មានមានការព្រមានពីរលកយក្សស៊ូណាមិ បង្កឡើងដោយសារការរញ្ជួយដីដ៏ខ្លាំងក្លានៅចុងបូព៌ារុស្ស៊ី ធ្វើឲ្យកើតមានក្តីកង្វល់ពីការកញ្រ្ជោលឡើងរបស់ព្យុះខ្លាំងជាងការរពឹងទុកនៅតាមតំបន់ឆ្នេរភាគខាងកើតប្រទេសចិន ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា សេវាកម្មនាវាចម្លងទាំងអស់នៅទីក្រុងសៀងហៃ ត្រូវបានលុបចោល ចាប់តាំងពីព្រឹកថ្ងៃពុធតទៅ ហើយអ្នកបើកបរត្រូវបានគេនិយាយប្រាប់ឲ្យបើកបរក្នុងល្បឿនក្រោម ៦០គ.នក្នុង ១ម៉ោង នៅតាមផ្លូវហាយវ៉េ ។
ក្រុមអាជ្ញាធរ និយាយថា ជើងហោះហើរយ៉ាងហោច ៦៤០វ៉ុល អាចនឹងត្រូវលុបចោលនៅតាមអាកាសយានដ្ឋានសំខាន់ៗចំនួន ២នៅទីក្រុងសៀងហៃនាថ្ងៃពុធនេះ រួមទាំងជើងហោះហើរ ៤១០វ៉ុលនៅអាកាសយានដ្ឋាន Pudong និងជើងហោះហើរ ២៣០វ៉ុលនៅអាកាសយានដ្ឋាន Hongqiao ៕
