នៅថ្ងៃពុធ (ទី៣០ ខែកក្កដា) នេះ រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានស្នើសុំដីកាឃុំខ្លួនថ្មី ដើម្បីសាកសួរអតីតប្រធានាធិបតី លោក Yoon Suk Yeol បន្ទាប់ពីរូបលោកបានបដិសេធមិនចូលខ្លួនតាមការកោះហៅជាច្រើនលើក។
លោក Yoon បានរុញឲ្យប្រទេសកូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយ នៅពេលដែលលោកព្យាយាមបំផ្លាញការគ្រប់គ្រងស៊ីវិល កាលពីថ្ងៃទី៣ ខែធ្នូឆ្នាំមុន ដោយបានបញ្ជូនកងទ័ពទៅកាន់សភា ក្នុងគោលបំណងរារាំងសមាជិកសភាកុំឲ្យបោះឆ្នោតបដិសេធការប្រកាសច្បាប់អាជ្ញាសឹករបស់លោក។
លោកបានក្លាយជាប្រធានាធិបតីក្នុងតំណែងដំបូងគេរបស់ប្រទេសនេះដែលត្រូវបានចាប់ខ្លួន នៅពេលដែលរូបលោកត្រូវបានឃុំខ្លួន កាលពីខែមករា បន្ទាប់ពីរឹងទទឹងមិនព្រមឲ្យចាប់ខ្លួនជាច្រើនសប្តាហ៍ ដោយប្រើប្រាស់ក្រុមសន្ដិសុខការពារប្រធានាធិបតីរបស់លោករារាំងអ្នកស៊ើបអង្កេត។
លោក Yoon ត្រូវបានដោះលែងដោយសារនីតិវិធីច្បាប់ ក្នុងខែមីនា ខណៈពេលដែលការជំនុំជម្រះ លើសំណុំរឿងបះបោររបស់លោក នៅតែបន្តប្រព្រឹត្តទៅ ប៉ុន្តែត្រូវបានឃុំខ្លួនម្តងទៀត នៅដើមខែកក្កដា ដោយសារមានការបារម្ភថា លោកអាចនឹងបំផ្លាញភស្តុតាងទាក់ទងនឹងករណីនេះ។
រដ្ឋអាជ្ញាដែលកំពុងស៊ើបអង្កេតលើការចោទប្រកាន់ ជុំវិញការរំខានការបោះឆ្នោតសភា បានកោះហៅលោក Yoon ទៅសាកសួរ ប៉ុន្តែរូបលោកមិនបានចូលខ្លួនឡើយ ដោយមេធាវីរបស់លោក បានផ្ដល់ហេតុផលបញ្ហាសុខភាព។
តែលោកស្រីរដ្ឋអាជ្ញា Oh Jeong-hee បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះថា៖ «ការិយាល័យទីប្រឹក្សាពិសេស បានចេញដីកាកោះហៅជាលើកទី២ នៅព្រឹកនេះ សម្រាប់អតីតប្រធានាធិបតី លោក Yoon Suk Yeol ឲ្យចូលខ្លួននៅម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) បន្ទាប់ពីរូបលោកមិនបានបង្ហាញខ្លួនកាលពីថ្ងៃមុន»។
លោកស្រី Oh បានបន្ថែមថា៖ «តែលោកមិនបានបង្ហាញខ្លួនម្តងទៀតឡើយ ហើយមិនបានផ្ដល់ការពន្យល់អ្វីឡើយ។ ដូច្នេះ ការិយាល័យទីប្រឹក្សាពិសេស បានស្នើសុំជាផ្លូវការនូវដីកាឃុំខ្លួន លោក Yoon នារសៀលថ្ងៃនេះ»៕