ប្រទេសចិន បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយរុស្ស៊ី ក្នុងខែសីហា រួមទាំងសមយុទ្ធសមុទ្រ និងផ្លូវអាកាស នៅជិតទីក្រុង Vladivostok និងការល្បាតជើងទឹករួមគ្នា នៅមហាសមុទ្រប៉ាស៊ីហ្វិក។
រួមជាមួយទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានពង្រឹងកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលប្រទេសទាំងពីរ ស្វែងរកតុល្យភាពនូវអ្វីដែលពួកគេមើលឃើញថា ជាសណ្តាប់ធ្នាប់ពិភពលោក ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅ ថ្ងៃពុធនេះថា សមយុទ្ធរួមដែលមានឈ្មោះថា «Joint Sea-2025» គឺជាផ្នែកនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីជាទៀងទាត់ ហើយ «មិនសំដៅប្រឆាំងនឹងភាគីទី៣» ទេ។
លោក Zhang បាននិយាយថា បន្ទាប់ពីសមយុទ្ធ ពួកគេក៏នឹងដឹកនាំការល្បាតរបស់កងទ័ពជើងទឹក នៅក្នុង «ដែនទឹកដែលពាក់ព័ន្ធនៃមហាសមុទ្រប៉ាស៊ីហ្វិក»។
សមយុទ្ធរួម « Joint Sea-2024» កាលពីឆ្នាំមុន ត្រូវបានធ្វើឡើង នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន។
សមយុទ្ធរួម «Joint Sea-2025» គ្រោងនឹងធ្វើឡើង មុនដំណើរទស្សនកិច្ចដែលបានគ្រោងទុក ទៅកាន់ប្រទេសចិនរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលចាប់ផ្តើម នៅចុងខែ សីហា។
