មន្ទីរព្រមានរលកស៊ូណាមិប៉ាស៊ីហ្វិក(PTWC) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនថា រលកយក្សស៊ូណាមិ ពុំត្រូវបានគេរំពឹងថានឹងវាយប្រហាររដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិកនោះទេ ។
ការរញ្ជួយដីកម្រិត ៨,៨រ៉ិចទ័រ នៅជិតឧបទ្វីប Kamchatka ចុងបូព៌ារុស្ស៊ី បង្កឲ្យកើតមានរលកសមុទ្រកម្ពស់ ៥ម៉ែត្រ និងធ្វើឲ្យមានការបញ្ជាជម្លៀសខ្លួនមនុស្សនៅកោះហាវ៉ៃ និងនៅទូទាំងតំបន់ប៉ាស៊ីហ្វិក ។ ការរញ្ជួយដីរាក់ បណ្តាលឲ្យខូចខាតអគារ និងធ្វើឲ្យមនុស្សជាច្រើននាក់ រងរបួសនៅតំបន់ដាច់ស្រយាលរុស្ស៊ី ខណៈភាគច្រើននៃតំបន់ឆ្នេរសមុទ្រភាគខាងកើតជប៉ុន ដែលរងការខ្ទេចខ្ទាំដោយសារការរញ្ជួយដីកម្រិត ៩,០រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ត្រូវបានបញ្ជាឲ្យជម្លៀសប្រជាពលរដ្ឋចេញ ។

នៅរដ្ឋហាវ៉ៃ រលកសមុទ្រកម្ពស់ ១,៧ម៉ែត្រ បានធ្វើឲ្យប៉ះពាល់កោះមួយចំនួន មុនពេលមន្ទីរព្រមានរលកស៊ូណាមិប៉ាស៊ីហ្វិក កាន់បន្ថយកម្រិតព្រមានរបស់ខ្លួនសម្រាប់រដ្ឋមួយនេះ កាលពីវេលាម៉ោង ៨ និង ៥០នាទី ម៉ោងសកល ដោយពួកគេនិយាយថា រលកយក្សស៊ូណាមិ ពុំត្រូវបានគេរំពឹងថាកើតមាននោះទេ ។
ក្រសួងដឹកជញ្ជូនរដ្ឋហាវ៉ៃ និយាយថា ក្រោយមក ជើងហោះហើរចេញពីអាកាសយានដ្ឋាន Honolulu បានចាប់ផ្តើមឡើងវិញ ខណៈអាកាសយានដ្ឋានសំខាន់នៅកោះ Maui បន្តបិទទ្វារ ក្នុងនោះអ្នកដំណើរស្វែងរកទីជម្រកនៅចំណតយន្តហោះ ៕
